គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ

ភ្នំពេញ៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណ:កម្មការ នីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅវិមានរដ្ឋសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ការរៀបចំវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការដកសញ្ជាតិនេះ បានធ្វើឡើងស្របពេល ដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន។ កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកផ្លូវឱ្យមានការរៀបចំច្បាប់ឱ្យដកសញ្ជាតិខ្មែរបាន សម្រាប់ជនណាដែលប្រព្រឹត្តអំពើក្បត់ជាតិធ្ងន់ធ្ងរ។

ខ្លឹមសារថ្មី នៃសេចក្តីស្នើ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។

ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

យោងតាមព្រះរាជក្រមចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់៕

ដោយ៖ពលជ័យ

រូបភាព៖រដ្ឋសភា

ads banner