កុមារីកម្ពុជា២រូបមានឳកាសកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹប Tottenham Hotspur ដើរក្នុងពិធីបើកការប្រកួត Premier League នៅអង់គ្លេស
ភ្នំពេញ៖កុមារីដែលជាកីឡាការិនីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ២រូប ទទួលបានឱកាសហោះហើរទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីដើរកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹប Tottenham Hotspur ក្នុងពិធីបើកការប្រកួត Premier League ។ថ្លែងមុនចេញដំណើរ នាល្ងាចថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ នាឱកាសយានរដ្ឋានអន្តរជាតិភ្នំពេញ អ្នក ស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ និងតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ឱ្យដឹងថា កុមារីទាំង២រូបនេះ មានអាយុ១២ និង១៣ឆ្នាំ ជាសិស្សអង្គការផ្កាយសមុទ្រ និងជាកីឡាការនី ក្នុងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រ។
អ្នកស្រី អះអាងថា នេះជាឱកាសដ៏អស្ចារ្យសម្រាប់ក្មេងស្រីកម្ពុជា ដែលពុំធ្លាប់គិតដល់ថាខ្លួនអាចមានឱកាសហោះហើរទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដែលជាទីក្រុងប្រវត្តិសាស្ត្រពោរពេញទៅដោយសំណង់អគារបុរាណរាប់មិនអស់ មានប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជាពិសេសវាក៏ជាទីកន្លែង ដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភព លោកបានចាប់កំណើតឡើងផងដែរ ។ លោកស្រីថា ឱកាសបានទៅកាន់ដៃកីឡាករបាល់ទាត់ល្បីរបស់ក្លឹប Tottenham Hotspur ក្នុងពិធីបើកការប្រកួត Premier Leagueនេះជាការលើកទឹកចិត្ត និងបង្កើតនូវការចងចាំល្អៗជំរុញឱ្យពួកគេខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ។
កុមារី ស្រី ពេជ្រ និង សូ សុជាតា បានបង្ហាញចំណាប់អារម្មណ៍ថា ឱកាសបានទៅចក្រភពអង់គ្លេសនេះ ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះពីមុនវាជាក្តីស្រមៃ ប៉ុន្តែឥលូវវាបានក្លាយជាការពិតមែន។ សម្រាប់ឱកាសទៅកាន់ដៃកីឡាករបាល់ទាត់ Tottenham Hotspur នៅក្នុងពិធីបើកនេះ នឹងជួយជំរុញទឹកចិត្តឱ្យពួកនាងខិតខំរៀនសូត្រ និងខិតខំហ្វាត់កីឡាបាល់ទាត់ ដើម្បីទទួលបានឱកាសបានទៅកាន់ចក្រភពអង់គ្លេសនាពេលអនាគត។
នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ កុមារីកម្ពុជាទាំងពីរ រូបនេះនឹងធ្វើជាកុមារដឹកដៃអមកីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Burnley សម្រាប់រដូវកាល ២០២៥/២០២៦ ។ ការធ្វើដំណើរបស់កុមារៗទាំងនេះទៀតសោតនឹងអមដំណើរដោយ លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ, អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ និងតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយក្នុងការធ្វើដំណើររបស់កុមារីទាំងពីររូបនេះគឺត្រូវបានផ្តល់ការគាំទ្រទាំងស្រុងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា រួមមាន ថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ ក្នុងជីវិតរបស់ប្អូនៗទាំងពីររូបនេះ ដែលសុទ្ធសឹងតែមកពីក្រុមគ្រួសារមានជីវភាពខ្វះខាត ៕








រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ