បង្ក្រាបបទល្មើសជលផលដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន១៦ទីតាំងនៅស្រុកជលគិរី
កំពង់ឆ្នាំង៖សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានប្រតិបត្តិការបង្ក្រាបការធ្វើនេសាទដោយខុសច្បាប់នៅចំណុចបឹងវាលសំណាប ក្រោយភូមិឃុំពាមឆ្កោក ស្រុកជលគិរី ។

ក្នុងសកម្មភាពនេះក្រុមការងារបានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍លូរួមផ្សំរបាំងស្បៃមុង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល។សមត្ថកិច្ច បានរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលកំពង់ឆ្នាំងបានឱ្យដឹងថា ជាលទ្ធផល រុះរើនិងបំផ្លាញចោលរបាំងស្បៃមុងចំនួនមួយករណីស្មើនឹង១៦កន្លែង ប្រវែង៨៤០ម៉ែត្រ ,លូស្បៃមុងចំនួន១៦គ្រឿង ,បង្គោលចំនួន៤៨០ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញចំនួន ២០០គីឡូក្រាម៕
ដោយ៖សុខ គឹមសៀន

