អ្នកនាំពាក្យក្រសួងការពារជាតិ៖ បេសកកម្ម២ថ្ងៃ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៧ប្រទេស គឺទទួលបានជោគជ័យនិងផ្លែផ្កាគួរជាទីមោទនៈ
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង៤រសៀល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមសង្កេតការណ៍អន្តរកាលដែលមានអនុព័ន្ធយោធា៧ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ក្រោមការសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា បានចុះសង្កេតការណ៍ទីតាំងមួយចំនួន ចាប់តាំងពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងទាំងអស់នោះរួមមាន ខេត្តបាត់ដំបង ក្នុងយោធភូមិភាគទី៥ និងខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ នៅភូមិជោគជ័យ ច្រកបឹងត្រកួន និងខេត្តព្រះវិហារ នៅច្រកអានសេះ។
នាឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា នៅក្នុងបេសកកម្មនេះ ក្រុមការងារក៏បានឆ្លៀតទៅពិនិត្យមើលទីតាំង ដើម្បីរៀបចំជាទីស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារនៅទីតាំងខេត្តព្រះវិហារ និងបានអញ្ជើញទៅត្រួតពិនិត្យមើលទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រើប្រាស់នៅពេលចុះមកបំពេញការងារនៅខេត្តបន្ទាយមានជ័យនាពេលអនាគត។ ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ត្រូវបានបញ្ចប់ដោយជោគជ័យនិងផ្លែផ្កា ក្នុងការពិនិត្យដោយផ្ទាល់អំពីការវិវត្តនូវស្ថានការណ៍នៅទីតាំងជាក់ស្តែង ដែលរងការបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា និងទាហានថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងឈានដល់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នៅទី៧ ខែសីហា ឆ្នាំ២០២៥ រហូតឈានមកដល់បច្ចុប្បន្ននេះ៕
ដោយ៖ពលជ័យ








