លោក ហ្សេលែនស្គី ទៅដល់ទីក្រុងវ៉ាស៊ីនតោន ត្រៀមជួបលោក ត្រាំ ហើយ
វ៉ាស៊ីនតោន ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក ហ្សេលែស្គី បានប្រកាសពីការទៅដល់ទីក្រុងវ៉ាស៊ីនតោន ហើយ ដើម្បីត្រៀមជួបចរចា ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ភាគីទាំងអស់ស្វែងរកការបញ្ចប់សង្រ្គាម យ៉ាងឆាប់រហ័ស ហើយបានអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង នៅពេលដែលលោកបានទៅដល់ទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ ពោលគឺ មុនពេលមានកិច្ចពិភាក្សា ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
លោក Volodymyr Zelensky បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យើងទាំងអស់គ្នាចែករំលែកនូវបំណងប្រាថ្នា ដ៏មុតមាំ ដើម្បីបញ្ចប់សង្រ្គាមនេះ ឱ្យបានឆាប់រហ័ស និងគួរឱ្យទុកចិត្ត»។
លោក Zelensky គ្រោងនឹងជួបលោក Donald Trump នៅថ្ងៃចន្ទនេះ ជាមួយក្រុមមេដឹកនាំអឺរ៉ុប។ ជំនួបនេះ នឹងរៀបចំធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានជួបលោក ពូទីន មេដឹកនាំរុស្ស៊ី នៅរដ្ឋ អាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា ដោយគ្មាន សម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ តែ មេដឹកនាំទាំងពីរថា ជាជំនួបពិភាក្សា មានលទ្ធផលល្អ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
