ព្រលានយន្តហោះមរតកតេជោ ត្រៀមសម្ពោធជាផ្លូវការតាមការគ្រោងទុកហើយ

កណ្តាល៖ គម្រោងព្រលានយន្តហោះនេះ បានអភិវឌ្ឍន៍ដោយ CAIC (90% OCIC, 10% SSCA) មានទីតាំងស្ថិតនៅមហាវិថីសម្តេចតេជោ ហ៊ុនសែន ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលចំណាយថវិកាវិនិយោគប្រមាណ ១ ៥០០លានដុល្លារក្នុងដំណាក់កាលទី១ នៅលើផ្ទៃដីជាង ២ ៦០០ហិកតានេះ នឹងបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ ។

ប្រតិភូនៃគណៈស្ថាបត្យករកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំដំណើរទស្សនកិច្ចទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅមុនការបើកឲ្យដំណើការនៅប្រមាណជាង ២០ថ្ងៃខាងមុខនេះ ។ ដំណើរទស្សនកិច្ចនេះ បានអញ្ជើញដឹកនាំដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា ដែលមានសមាជិកសមាគមស្ថាបត្យករនៅកម្ពុជា សរុបជាង ៨០នាក់ ចូលរួមជាមួយ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោនេះ មានរចនាបថជឿនលឿនក្នុងសម័យកាលថ្មីនេះ ដែលនេះជាគោលដៅក្នុងការអភិរក្សអាចាស់ គឺអ្វីដែលមានស្រាប់យើងអភិរក្ស និងខិតខំពង្រីកថ្មីឲ្យស្របទៅតាមសម័យទំនើប និងភ្ជាប់ទៅនឹងស្ថាបត្យកម្មដែលជាវប្បធម៌ និងអត្តសញ្ញាណជាតិកម្ពុជាផង ដោយគ្រប់រចនាបថទាំអស់ គឺអាចបន្សាំបានជា មួយនឹងសម័យទំនើបបច្ចុន្នប្ប ប៉ុន្តែនៅតែរក្សា និងមិនឲ្យបាត់ផ្នែកណាមួយនៃវប្បធម៌ប្រពៃណីទំនៀមទំលាប់ជាតិឡើយ។ ព្រលានយន្តហោះមរតកតេជោតាខ្មៅនេះ គឺជាសាងសង់ឡើងដោយកូនខ្មែរស្ទើតែ១០០% ទាំងវិស្វករ ទាំងស្ថបត្យករ ទាំងកម្មករទាំងអស់ ។ ឯកឧត្តមបានបង្ហាញ ពីមោទនភាពណាស់ ដែលកម្ពុជាបានស្មើមុខស្មើមាត់ចំពោះពិភពលោក និងនៅលើឆាកអន្តរជាតិទាំងនៅក្នុងតំបន់ ទាំងនៅលើពិភពលោកទាំងមូល ។

យោងតាមការធ្វើបទបង្ហាញពីអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិតេជោនេះបានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ លំដាប់ 4F គឺជាព្រលានយន្តហោះដែលធំជាងគេទី៩ នៅក្នុងពិភពលោក ។ គម្រោងនេះរចនាឡើងដោយក្រុមហ៊ុន Foster + partners ដែលបង្ហាញពីរចនាបថស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និងក្នុងសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហើយក៏បានរួមបញ្ចូលសំណង់មានលក្ខណៈវប្បធម៍ខ្មែរ ចម្លាក់ព្រះពុទ្ធបដិមា និងចម្លាក់គំនូរជាច្រើនទៀត។
ស្ថាបត្យករ និងវិស្វករ បានគិតគូរយកចិត្តទុកដាក់ខ្ពស់ទាំង ផ្នែកសិក្សាគម្រោងប្លង់ ការសាងសង់ ផ្នែកបច្ចេកទេស បច្ចេកវិទ្យា គុណភាព សោភណភាព បរិស្ថាន នគរូបនីយកម្ម និងលើកកម្ពស់គុណតម្លៃអត្តសញ្ញាណជាតិ ។

ព្រលានយន្តហោះអន្តរជាតិតេជោ អាចទទួលយន្តហោះខ្នាតធំចុះចតបានរួមមានប្រភេទ Airbus A380 និងប្រភេទ Boeing 747 ។ គម្រោងនេះសាងសង់ឡើងលើផ្ទៃដីជាង ២,៦០០ហិកតា ដែលអាចទទួលអ្នកដំណើរពី ១០លាននាក់ ទៅ៥០ លាននាក់ក្នុងមួយឆ្នាំ ។ ព្រលានយន្តហោះថ្មីនេះ គ្រោងសម្ភោធជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីត្រៀមខ្លួនក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និងគ្រប់ទិសទីលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជម្រុញលើកស្ទួយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ទេសចរណ៏ និងសេដ្ឋកិច្ច ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner