កម្ពុជាអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន
ដោយអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះបទឈប់បាញ់ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់ឱ្យបានឆាប់ នៃលក្ខខណ្ឌប្រតិបត្តិ (TOR)។
ការអំពាវនាវនេះ ក្នុងកិច្ចប្រជុំសង្ខេបព័ត៌មាន ជូនដល់សមាជិកអង្គទូតបរទេស និងតំណាង ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីសម្រាប់តួនាទីបុរេសកម្មក្នុងកិច្ចការនេះ និងបាមគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាដែលថា ពុំមានព្រំដែនអន្តរជាតិណាត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ ព្រមទាំងបានជំរុញដល់ប្រទេសថៃឱ្យគោរព និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់នេះ និងដោះស្រាយវិវាទព្រំដែន ដោយផ្អែកតាមច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ




