កម្មវិធី“ស្លាបសន្តិភាព” បង្ហាញពីមិត្តភាព កម្ពុជា-ចិន ត្រូវបានប្រារព្ធយ៉ាងមហោឡារឹក
ភ្នំពេញ៖ កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន បានប្រារព្ធយ៉ាងឱឡារិកនៅរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ។
ជាការកត់សម្គាល់កម្មវិធីនេះបានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ សិស្សនិស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន វិទ្យាស្ថានខុងជឺ និងសមាជិកសភាពាណិជ្ជកម្មចិន រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជានិង ចិនសរុបជាង ២០០នាក់។
ជាប្រវត្តិសាស្រ្តឆ្នាំ២០២៥ នេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោក ក៏ដូចជាខួបលើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ។
ឈរលើមូលដ្ឋានប្រវត្តិសាស្រ្តនេះកម្ពុជា-ចិន បានប្រើប្រាស់ទម្រង់នៃការសម្តែង សិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណង មិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។
កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា “អ្នកនាំសារសន្តិភាព” ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាតបានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តីប្រាថ្នាចំពោះសន្តិភាព ។ បន្ទាប់មក មានការសម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់គុនល្បុក្កតោខ្មែរ ដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។
កម្មវិធីជាបន្តបន្ទាប់រួមមានបទចម្រៀង “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើចសមុទ្រឆាង” និង ការសូត្រកំណាព្យ បទ “សង្គ្រាមនិងសន្តិភាព”ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។របាំ “ព្រាបសន្តិភាព” របស់ក្រុមសិល្បៈរបាំខ្មែរ បានបង្ហាញពីអនាគតដ៏ស្រស់បំព្រង ហើយចម្រៀង បទ“សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់” ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារឹកថែមទៀត។
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ប្រជាជនកម្ពុជាស្រឡាញ់ និង ការពារសន្តិភាព និង ឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និង មានភាពទាក់ទាញ។ រយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣.៧១០.០០០នាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២ ភាគរយ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។
ចំណែកឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាក្នុងកម្មវិធីនេះថា ឆ្នាំនេះជាខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែង ហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និង សិល្បៈគឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ









