UN ថា បុគ្គលិកផ្តល់ជំនួយជាង ៣៨០នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤

ហ្សឺណែវ ៖ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា បុគ្គលិកផ្តល់ជំនួយដល់ទៅ ៣៨៣នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ផ្ទុះអំពើហិង្សាដ៏ក្តៅគគុកទូទាំងពិភពលោកកាលពីឆ្នាំ២០២៤ ដែលជិតពាក់កណ្តាលនៃពួកគេបានបាត់បង់ជីវិតនៅហ្គាហ្សា ដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

អង្គការប្រព័ន្ធទិន្នន័យសន្តិសុខបុគ្គលិកមនុស្សធម៌ ដែលបានចងក្រងរបាយការណ៍ចាប់តាំងពីឆ្នាំ១៩៩៧ បានឱ្យដឹងថា ចំនួនបុគ្គលិកផ្តល់ជំនួយដែលត្រូវបានសម្លាប់បានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ ២៩៣នាក់ក្នុងឆ្នាំ២០២៣ និង ៣៨៣នាក់ក្នុងឆ្នាំ២០២៤ ហើយច្រើនជាង ១៨០នាក់នៅតំបន់ហ្គាហ្សា។

យោងតាមអង្គការប្រព័ន្ធទិន្នន័យសន្តិសុខបុគ្គលិកមនុស្សធម៌ បានឱ្យដឹងថា មានការវាយប្រហារធំៗចំនួ៥៩៩លើក ដែលប៉ះពាល់ដល់បុគ្គលិកផ្តល់ជំនួយកាលពីឆ្នាំមុន កើនឡើងលើសឆ្នាំ២០២៣ ដែលមានត្រឹម ៤២០លើក។ ទន្ទឹមគ្នា ការវាយប្រហារក្នុងឆ្នាំ២០២៤ដដែល ក៏បានធ្វើឱ្យបុគ្គលិកផ្តល់ជំនួយចំនួន៣០៨នាក់រងរបួសផងដែរ ហើយ ១២៥នាក់ត្រូវបានចាប់ពង្រត់ និង ៤៥នាក់ទៀតត្រូវបានឃុំខ្លួន។

យោងតាមអង្គការប្រព័ន្ធទិន្នន័យសន្តិសុខបុគ្គលិកមនុស្សធម៌, មានការវាយប្រហារធំៗចំនួន២៤៥លើកក្នុងរយៈពេល៧ខែកន្លងមកនេះ ហើយបុគ្គលិកផ្តល់ជំនួយចំនួន ២៦៥នាក់ត្រូវបានសម្លាប់។ អំពើហិង្សាលើបុគ្គលិកផ្តល់ជំនួយបានកើនឡើងក្នុងប្រទេសចំនួន២១ ក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ហៅកាត់ OCHA បានឱ្យដឹងថា បុគ្គលិកផ្តល់ជំនួយភាគច្រើនដែលត្រូវបានសម្លាប់ គឺជាបុគ្គលិកជាតិបម្រើសហគមន៍របស់ពួកគេ ដែលទទួលរងការវាយប្រហារនៅពេលពួកគេកំពុងធ្វើការ ឬនៅក្នុងផ្ទះរបស់ពួកគេតែម្តង។ គិតមកទល់ពេលនេះ តួលេខអ្នកស្លាប់មិនមានសញ្ញាបង្ហាញថមថយចុះទេ តែវាត្រូវបានគេរំពឹងថា អាចនឹងហក់ឡើងបន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner