សម្ដេច ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន​ក្រុមប្រឹក្សា​ជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ ត្រូវបានសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈឯកឧត្តម តុប សំ ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើ​ពុក​រលួយអាណត្តិទី៤ (២០២៥-២០៣០)។ ការបោះឆ្នោត បានធ្វើឡើង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការអង្គភាពប្រឆាំងអំពើ​ពុករលួយ តាមការអញ្ជើញរបស់ឯកឧត្តម ហេង វង្សប៊ុនឆាត ព្រឹទ្ធសមាជិក​នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ ។

សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិថ្មី ចំនួន ១១រូប មានវត្តមានក្នុងកិច្ចប្រជុំ លើកទី១ នេះ រួមមាន៖ ១-សម្តេចមហាមន្ត្រី គុយ សុផល, ២-ឯកឧត្តម តុប សំ សមាជិក, ៣-ឯកឧត្តម កើត រិទ្ធសមាជិក , ៤-លោកជំទាវ សោម គីមសួគ៌, ៥-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ៦-ឯកឧត្តម ហេង វង្សប៊ុនឆាត, ៧-ឯកឧត្តម តាំង ស៊ុនឡាយ, ៨-ឯកឧត្តម កែវ រ៉េមី, ៩-ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង, ១០-ឯកឧត្តម ឡាយ សំកុល និង ១១-ឯកឧត្តម ជីវ កេង ។

តាមរយៈដំណើរការការងារបោះឆ្នោតលទ្ធផលទទួលបានដូចតទៅ៖ ១-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជ្រើសតាំងជាប្រធាន ក.ជ.ប.ព. អាណត្តិទី៤ ដោយមានសំឡេងគាំទ្រជាឯកច្ឆ័ន្ទចំនួន ១១ លើ ១១ សំឡេង ។ ២-ឯកឧត្តម តុប សំ ត្រូវបានជ្រើសតាំងជា អនុប្រធាន ក.ជ.ប.ព. អាណត្តិទី៤ ដោយមានសំឡេងគាំទ្រជា​ឯកច្ឆ័ន្ទ។

គួរបញ្ជាក់ថា មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក​រលួយអាណត្តិទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតួនាទី​ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

ក្នុងនាមបេក្ខជនជាប់ឆ្នោតជាប្រធាន និងអនុប្រធានក្រុមប្រឹក្សា​ជាតិ​ប្រឆាំងអំពើពុករលួយ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែង​នូវអំណរគុណហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ​ឱ្យបាន​ល្អដូចអាណត្តិទី១ ទី២ និងទី៣ កន្លងមក ។

ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ទាំងអស់របស់អង្គភាពប្រឆាំង​អំពើ​ពុករលួយ បានអបអរសាទរជូន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិថ្មី និងជូនជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម តុប សំ ដែលត្រូវបានជ្រើសតាំងជាប្រធាន និងអនុប្រធានក្រុម​ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ក្នុងអាណត្តិទី៤ នេះ មានសមាជិកថ្មីចំនួន ២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំង​អំពើពុករលួយ គឺ ឯកឧត្តម ឡាយ សំកុល ជ្រើសតាំងដោយព្រឹទ្ធសភា និង ឯកឧត្តម ជីវ កេង ជ្រើសតាំងចេញពីគណៈ កម្មាធិការដឹកនាំការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ និងអង្គប្រជុំដែលមានការ​ចូល​រួមពីសំណាក់ អនុប្រធានទី១ អនុប្រធាន ឧបការី នៃអង្គភាពប្រឆាំងអំពើ​ពុករលួយ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែក ទាំងអស់ក្នុងអង្គភាព បានសម្តែង​នូវការគោរពចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ពដែលបានការពារ បូរណ​ភាព​​ទឹកដីដ៏អង់អាចក្លាហាន៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner