ក្រសួងបរិស្ថានជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកប​ដោយចីរភាពនៅខេត្តកោះកុង

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញការងារសំខាន់ៗលើវិស័យបរិស្ថាន ក្នុងតំបន់ការពារធម្មជាតិដើម្បីឱ្យមាន សុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍ​ប្រកបដោយចីរភាពនៅខេត្តកោះកុង។

ការជំរុញនេះនៅកិច្ចប្រជុំនេះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន។កិច្ចប្រជុំដដែល​នេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានលម្អិតពីបណ្ដាស្រុក-ក្រុងទាំង ៧នៃខេត្តកោះកុង​ទាក់ទងនឹងសំណើរសុំធ្វើប្លង់រឹងរបស់ប្រជាពលរដ្ឋ​នៅក្នុងតំបន់ក្រោម​វិសាលភាព​អនុក្រឹត្យ ២៤៥។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង​សម្រេចបានល្អប្រសើរក្នុងការងារប្រមូល និង​ទុកដាក់សំរាមសំណល់រឹង។ឯកឧត្តមបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តកោះកុងបន្តសកម្មភាពស្អាតទាំងនេះទៅដល់​សហគមន៍កោះស្រឡៅ និងតំបន់ជុំវិញទីនោះដើម្បី​ប្រែក្លាយ​ទៅជាសហគមន៍អព្យាក្រឹតកាបូន នៅពេល​ខាងមុខ។លើសពីនេះការលើក​កម្ពស់ភាពបៃតងក៏ជាភាពសំខាន់ដ៏ចម្បងមួយទៀតនៃយុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើការងារបច្ចេកទេសទាក់ទងនឹងដីក្នុង​វិសាលភាពអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ដោយផ្តោតសំខាន់លើគោល​បំណង ប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីរៀប​ចំរបាយ​ការណ៍​ស្នើសុំគោលការណ៍ណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការងារនេះនឹងជួយឱ្យ​ការគ្រប់គ្រងតំបន់ការពារ​ធម្មជាតិមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ច្បាប់ និងក្រមបរិស្ថាន​និងធនធាន​ធម្មជាតិ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកខ្ពស់ ក្នុងការជំរុញ​ឱ្យយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន​សម្រេច​បានស្របតាមសសរស្ដម្ភទាំង៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលសមស្របតាមគោលដៅ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា។សកម្មភាពទាំងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្ត​របស់​រដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន ក្នុងការបន្តការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេស​ប្រកបដោយចីរភាព និងសុខដុមរមនា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner