អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យបទឈប់បាញ់ ខណៈព្រំដែន រក្សាភាពស្ងប់ស្ងាត់
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ កម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពក្រោយបទឈប់បាញ់ ។ នេះបើតាមការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឱ្យដឹងថា ៖ កងកម្លាំងកម្ពុជាគោរពបានយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងគោលការណ៍ ឯកភាពទាំង១៣ចំណុចនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទៅទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងដែរថា គិតមកទល់ពេលនេះសភាពការណ៍ជួរមុខក្នុងខេត្តព្រះវិហារ ខេត្តឧត្តមរមានជ័យ និងខេត្តបន្ទាយជ័យគឺមានសភាពស្ងប់ស្ងាត់ជាធម្មតា និងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរបស់យើងជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារបូរណភាពទឹកដី៕
ដោយ ៖ ម៉ាដេប៉ូ
