រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ទៀត ឲ្យអ៊ុយក្រែន
មូស្គូ ៖ រុស្សី និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរសាកសពទាហានចំនួន ១.០០០នាក់ ដែលបានស្លាប់ក្នុងសមរភូមិប្រយុទ្ធ ក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។
លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.០០០នាក់ទៅឱ្យអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានផ្ទេរសាកសពទាហានចំនួន១៩នាក់ទៅឱ្យរុស្ស៊ីវិញ។
ការដោះដូរសាកសពទាហានស្លាប់ក្នុងសមរភូមិនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីរុស្ស៊ី-អ៊ុយក្រែនបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកដែលឈឺធ្ងន់ និងរងរបួស រួមទាំងទាហានដែលមានអាយុក្រោម ២៥ឆ្នាំ ក៏ដូចជាការផ្ទេរសាកសពទាហានដែលបានស្លាប់។
ដោយឡែកកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីជុំចុងក្រោយនៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន លោក មេឌីនស្គី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៧.០០០នាក់ ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រគល់សាកសពចំនួន ៣.០០០នាក់ទៀត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

