ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឈានដល់ឃាត់និង ឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្ម ការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

កំពត៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង ចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជ អាជ្ញា អមសាលា​ដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការ​បង្ក្រាបទ្រង់ទ្រាយ​ធំនិងអនុវត្ត នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយ បានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជន​សង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោក​អនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោស​តាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុម​ឧក្រិដ្ឋជនទៀតផង។

ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី ១២ ខែសីហា ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិង​អំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់ ៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុង​ភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ២ករណី ។
-ករណីទី០១៖ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះវីឡាកើតហេតុ ហើយបានរកឃើញ និងដកហូតសម្ភារៈ​បម្រើឱ្យការឆបោក (Online Scam) ជាច្រើន រួមមាន៖ ទូរសព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop ចំនួន ៣៩គ្រឿង Pad ចំនួន ១គ្រឿង Tablet ចំនួន ១៤គ្រឿង។ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅ តុលាការ និងកំពុងបន្ត​នីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ ។

-ករណីទី០២: កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែសីហាអធិការដ្ឋាននគរបាល ក្រុងបូកគោ បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ក្នុងរថយន្ត ពេលនោះកម្លាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ និងបានឃើញជនរងគ្រោះឈ្មោះ SONG JINXIN ភេទប្រុស កើតថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ១៩៩២ ជនជាតិចិន ដេកស្លាប់ក្នុង​រថយន្ត។ តាមរយៈតម្រុយនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណទីតាំង កើតហេតុ ដែលជាអគារ​ប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោក (Online Scam) ជនសង្ស័យ៤នាក់ បានសារភាពថាខ្លួនពិតជាមេខ្លោង​ក្នុងអំពើ​ទារុណកម្មនេះពិតប្រាកដមែន។
ក្នុងប្រតិបត្តិការនោះ បានរកឃើញ ទូរសព្ទដៃចំនួន ៣៥គ្រឿង ដែលបម្រើឱ្យការឆបោកតាមបច្ចេកវិទ្យា (Online Scam)។ សម្ភារៈ​ទាំងនោះត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយអគារនោះត្រូវបានឃុំបេ​ជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន​ដើម្បីបញ្ជូនទៅតុលាការ និងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅ​ពីក្រោយរឿងនេះ។ ក្នុងប្រតិបត្តិការ​បង្រ្កាបនេះដែរ សមត្ថកិច្ចចម្រុះក៏បាន​ជួយសង្គ្រោះជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោកផងដែរ។

ដោយឡែកក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ លោកឈុន ច័ន្ទសីហា ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញដីកាចំនួន៥ផ្សេងៗ ដោយបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន៥រូប​ពាក់ព័ន្ធអំពើឃាតកម្មដោយអំពើឃោរឃៅ និងសង្ស័យបទល្មើសបទ​ឆបោកអនឡាញ។ គឺជនត្រូវចោទនោះទី១ ឈ្មោះ AYE AYE ភេទប្រុស អាយុ២១ ឆ្នាំ ជាជនជាតិភូមា មុខរបសន្តិសុខអនឡាញ ទី២ ឈ្មោះ WEI HUAN MO ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន មានមុខរបមេក្រុម​បុគ្គលិកអនឡាញ ទី៣ ឈ្មោះ ZHAO YANG LONG ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាហ្សា ទី៤ ឈ្មោះLIU LONG FU ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ និងទី៥ ឈ្មោះ MIE SAN JLANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន។

ជនត្រូវចោទទាំង៥នាក់ខាងលើនេះស្នាក់នៅលើភ្នំបូកគោស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
ក្រៅពីនេះ ប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំរបស់ លោក ប៊ុង ហ៊ុយ​ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានដាក់ជនសង្ស័យចំនួន​៥នាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន។ ទី១- ឈ្មោះ RONG GEN YU ហៅ ឡៅជាវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ទី២ – HUANG GUANG CHENG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ៣- ឈ្មោះ SHU CHAO YUE ហៅ ជីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន និង ៤-ឈ្មោះ ZOU DE HUA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន និង៥-ឈ្មោះ អៀង វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទដឹកជញ្ជូនដោយ​មានគោលដៅ លក់ -ជួញដូរមនុស្ស ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច ស្ថិត នៅភូមិកែបថ្មី សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងក្របខ័ណ្ឌនៃការបង្រ្កាបទ្រង់ទ្រាយធំនេះ រាល់ករណីនិងទីតាំងពាក់​ព័ន្ធទាំងអស់ ត្រូវបានគណៈបញ្ជាការឯកភាព​ខេត្ត ព្រះរាជអាជ្ញាអម​សាលាដំបូង ស្នងការនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត អនុវត្តនីតិវិធី​ច្បាប់ ដោយបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងយាមកាម​តឹងរ៉ឹង និងបញ្ឈប់សកម្មល្មើសពាក់ព័ន្ធនឹង​ករណីទាំងអស់បានទាំងស្រុង។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាត​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមាន​ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពា​រសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សូមបញ្ជាក់ថា ក្នុងការអនុវត្តនូវ យុទ្ធនាការបោសសម្អាត​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវ​ច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner