មន្រ្តីជំនាញ៖ការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ជា ផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ​បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

កំពង់ធំ៖អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការពង្រីក​វិសាលភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ជាផ្នែកមួយ​ដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យ​ហិរញ្ញ​វត្ថុរយៈ​ពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ។

ក្នុងសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជននៅ​ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុធនាគារជាតិ នៃកម្ពុជាបានរំលេចពីតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការ​អភិវឌ្ឍ​លើគ្រប់វិស័យនោះ ក៏បានធ្វើឱ្យវិស័យ​ធនាគារបាននិងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស ពង្រឹងកំណើនសេដ្ឋកិច្ចផងដែរ។ បន្ថែមពីនេះដើម្បីធានានូវភាពធន់ និងវឌ្ឍនភាពប្រព័ន្ធធនាគារ, ធនាគារជាតិ​នៃ​កម្ពុជាបានធ្វើទំនើបកម្មឥតឈប់ឈរ ជាមួយនឹងបច្ចេក​វិទ្យាហិរញ្ញវត្ថុ​ឌីជីថល​ថ្មីៗស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថល​ក្នុងតំបន់និងសកល ។

ឯកឧត្តមបន្តថា ជុំវិញហិរញ្ញវត្ថុនេះ ក្នុងនោះការទទួលបានសេវា ហិរញ្ញវត្ថុ​ផ្លូវការ បានផ្តល់នូវគុណតម្លៃ យ៉ាងសំខាន់ និងប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះការពង្រីកវិសាលភាព សេវាហិរញ្ញវត្ថុ​ឆ្ពោះ ទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបាន​ផ្តល់អត្ថ​ប្រយោជន៍ ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថលក៏ប្រៀប​បាននឹងអាវុធមុខពីរ។

ឯកឧត្តមបានពន្យល់អំពីអាវុធមុខពីរនេះថា ប្រាកដណាស់វាអាច​ជួយឱ្យយើងបង្កើន ប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ​ក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីខុសច្បាប់ ដែលមានការប្រាក់ខ្ពស់លើសលប់ជាដើម។

ទាក់ទិនបញ្ហាហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្ត​ទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ និង លើកកម្ពស់ការប្រើ​ប្រាស់ សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់​ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃ​កម្ពុជា ក៏បានអនុវត្ត នូវវិធានការពង្រឹងកិច្ចការពារ អតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបាន​គាំទ្រ និងសហការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើក​កម្ពស់ការ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រម​សីលធម៌វិជ្ជាជីវៈ ធានានូវការ​ប្រកួត​ប្រជែង ដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់​អតិថិជន។

ជុំវិញបញ្ហានេះឯកឧត្តមអគ្គនាយក លើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានា​ឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់​ឥណទាន ប្រកបដោយការទទួលខុសត្រូវ ហើយត្រូវចៀសវាងការស្នើ​សុំ​ឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយ​បុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូល​ឥណទាន ឬប្រើ ប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណា​មួយ​ដល់អតិថិជន ៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner