ក្រុមហ៊ុនចំនួន៩នៅខេត្តស្វាយរៀងប្រាប់ថា មានតម្រូវការ​ការងារ​ជាងបួនពាន់កន្លែង

ស្វាយរៀង៖ក្រុមហ៊ុនចំនួន៩ ដែលកំពុងដំណើរការក្នុងខេត្តស្វាយរៀង កំពុង​មានតម្រូវការកម្លាំងពលកម្ម​ចំនួន​៤.០២២​កន្លែង​។នេះបើតាមការ​បញ្ជាក់​របស់​ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ថ្លែងក្នុងកម្មវិធី​វេទិកា​ការងារ​និងការចុះឈ្មោះស្វែងរកការងារធ្វើ​ប្រជាពលរដ្ឋ​ និងពលករខ្មែរ​ទើបវិលត្រឡប់មកពីប្រទេសថៃ។

ក្នុងកម្មវិធីវេទិកាការងា​រនិងការចុះឈ្មោះស្វែងរកការងារដែលប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិ​ភាគ​តេជោ​សែនស្វាយរៀង ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានទាញអារម្មណ៍
ប្រជាពលរដ្ឋនិងពលករចូលរួមជាង៧០០នាក់អំពីអត្ថប្រយោជន៍ជាច្រើនដែលកម្មករ និយោជិត ទទួលបាន​ពីការងារ និងរដ្ឋ។លោកក៏បង្ហាញពីការ​ប្រៀបធៀបផងដែរ រវាងការងារក្នុងស្រុក និងនៅប្រទេសថៃ​ ខណៈទទួល​បានចំណូល​ប្រហាក់​ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃពុំមាន​សុវត្ថិភាពទេ។លើសពីនេះ​នៅឆ្ងាយពីស្រុក​កំណើត​និងក្រុមគ្រួសារ។

ក្នុងកម្មវិធីដដែល ក៏មានការចូលរួមពីតំណាងក្រុមហ៊ុន​ចំនួន៩ និងក្រុម​ការងារទីភ្នាក់ងារជាតិមុខរបរ​និងការងារ​នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈផងដែរ រួមជាមួយសកម្មភាពសម្ភាសការងារភ្លាមៗទៀតផង។

សូមជម្រាបថា ការរៀបចំវេទិកាការងារនេះឡើងក្នុងគោលបំណងសំខាន់ៗ​ជាច្រើន ក្នុងនេះ​ដើម្បី​ជួយគាំទ្រពលករ​ដែលវិលត្រលប់ពីប្រទេសថៃ ទទួល​បានឱកាសការងារនិងការគាំពារពីសហគ្រាស គ្រឹះស្ថានក្នុងស្រុក និងបរទេស​តាមរយៈការស្រូបយកកម្លាំងពលកម្ម និងបង្កើតជំនាញ។ការ​បង្ខិតសេវាជួយ​ស្វែងរកការងារ​ធ្វើឱ្យកាន់​តែខិតជិត​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
ដោយ៖ នុត នាង

ads banner