អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ការធ្លាក់ថ្លៃស្រូវចាប់ពីពាក់កណ្តាលខែកក្កដា ដោយសារទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថា ៖ការធ្លាក់ចុះថ្លៃស្រូវចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ ស្របពេលដែលមានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ ដែលបង្កឱ្យមានបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិ ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងជុំវិញបញ្ហានេះថា” ស្ថានភាពនេះបានធ្វើឱ្យថ្លៃស្រូវសើមនៅតាមប្រទេសនានាក្នុងតំបន់ រួមមានទាំងកម្ពុជាដែរនោះ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលដែលរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកភាគច្រើនក៏កំពុងមានការកកស្ទះស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទក់ជាច្រើនផងដែរ”។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងបញ្ជាក់បន្ថែមថា ៖ សម្រាប់ជាវិធានការបន្ទាន់ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងដោយបញ្ជាក់ថា”គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបានកើនឡើងវិញមួយកម្រិត និងបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល”។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម ឃឹមហ្វីណង់ បានឱ្យដឹងថា ជាដំណោះស្រាយនៅរដូវកាលក្រោយៗ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាលអាចមានលទ្ធភាពអាចជួយទ្រទ្រង់ជាដើមទុនស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាប ការជួយកាត់បន្ថយថ្លៃដើម និងការងាកមកចាប់យកការធ្វើកសិកម្មតាមកិច្ចសន្យា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយហេតុថារោងម៉ាស៊ីនដៃគូនៅតែបន្តទទួលទិញក្នុងថ្លៃខ្ពស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាពីដើមរដូវ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner