ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូនដាច់ខាត រយៈពេល ១៥ថ្ងៃបន្តទៀត សម្រាប់ខេត្តដែលនៅជាព្រំដែនកម្ពុជ-ថៃចំនួន៧ និងខេត្តពាក់ព័ន្ធចំនួន ២
(ភ្នំពេញ)៖ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការគ្រប់គ្រងនូវស្ថានការចំពោះមុខ បានបន្តហាមឃាត់មិនឱ្យបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) រយៈពេល ១៥ថ្ងៃ បន្តទៀតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥តទៅ ចំពោះខេត្តដែលនៅជាព្រំដែនកម្ពុជ-ថៃចំនួន៧ និងខេត្តពាក់ព័ន្ធចំនួន ២ ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ បណ្ដាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើកនោះ រួមមាន ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង។ ចំណែកខេត្តពាក់ព័ន្ធ រួមមានខេត្តសៀមរាប និងខេត្តកំពង់ធំ ។
ការបន្តហាមឃាត់មិនឲ្យបង្ហោះដ្រូននៅភូមិសាស្រ្តខេត្តទាំង៩នោះ គឺស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសថៃ នៅតែរំលោភបំពានមកលើអធិតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងស្របជាមួយនឹង ក្រសួងបានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះដ្រូន និងសត្វព្រាបបំពាក់ GPS ស៊ើបការជារៀងរាល់ថ្ងៃ ចូលរំលោភបំពានដែនអធិបតេយ្យកម្ពុជា ។
«ការណ៍ដែលក្រសួងមហាផ្ទៃហាមឃាត់ការបង្ហោះដ្រូនក្នុងបណ្ដាខេត្តគោលដៅ គឺដើម្បីងាយស្រួលកំណត់មុខសញ្ញាភាគីអមិត្ត ដែលបានប្រើប្រាស់ដ្រូនរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងដើម្បីដាក់វិធានការឆ្លើយតបទាន់ពេលវេលាមានប្រសិទ្ធភាព និងស្របតាមច្បាប់»។
ភាគីថៃ នៅតែបន្តគឃ្លើនបង្ហោះដ្រូនរំលោភចូលដែនអាកាសរបស់កម្ពុជា ជារៀងរាល់ថ្ងៃ ប៉ុន្តែចំណែកសារព័ត៌មានរបស់ខ្លួន តែងប្រឹងផ្សាយបំភ្លៃការពិតថា ដ្រូនទាំ ងនោះជាដ្រូនរបស់កម្ពុជា ដែលបានបង្ហោះដែនអាកាសរបស់ថៃទៅវិញ ។ ជាការឆ្លើយតបនឹងការផ្សាយព័ត៌មានបំភ្លៃការពិតនោះ ក្រសួងការពារជាតិ តែងតែបដិសេធទាំងស្រុង ហើយព្រមានចាត់វិធានការឆ្លើយតបចាំបាច់ ប្រសិនបើថៃនៅតែបង្ហោះដ្រូនចូលមកដែនអធិបតេយ្យភាពកម្ពុជា។ ក្រសួងការពារជាតិ បានហៅទង្វើនេះ គឺមិនបានចូលរួមដល់ការរក្សាស្ថានភាពឱ្យមានភាពល្អប្រសើរឡើងឡើយ ប៉ុន្តែវាបានបង្កការកើនឡើងនូវកម្ដៅនោះទៅវិញទេ ៕











អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ Telegram : ទូច សុឃៈ (សុខៈ), Assist. of Abhi. and Spokesman of MOI