អភិបាលខេត្តព្រះសីហនុ ដាក់ឱ្យដំណើរការសាកល្បង ខ្សែចង្វាក់ផលិតកម្ម ជ្រលក់ថ្នាំពណ៌ស័ង្កសី របស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា

(ព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាស ដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសី របស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) បានអោយដឹងថា ក្រុមហ៊ុនបានជួប ប្រទះភាពលំបាក និងបញ្ហាប្រឈមជាច្រើន ចាប់ពីការជ្រើស រើសទីតាំង និងការវិភាគអង្កេតរហូតដល់ការការបញ្ចប់ការសាងសង់ ការជ្រើសរើសបុគ្គលិក រហូតដល់ការបណ្តុះបណ្តាល និងការសម្របសម្រួលរាល់ជំហាន បង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំរបស់យើង។ ខ្សែសង្វាក់ផលិតកម្ម ស្រោបពណ៌ស័ង្កសីនេះ ប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឈានមុខគេ លំដាប់អន្តរជាតិ ដំណើរការផលិតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ និងមានសិប្បកម្មដែលមានភាពជាក់លាក់ខ្ពស់។ នៅពេលអនាគត វានឹងបន្តផលិត ដែកដែលមានគុណភាពខ្ពស់ ជាមួយនឹងពណ៌ចម្រុះជាច្រើន មិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកផលិតផល ដែលផលិតនៅប្រទេសកម្ពុជា នាំចេញទៅកាន់តំបន់អាស៊ាន អូស្ត្រាលី អឺរ៉ុប សហរដ្ឋអាមេរិក រួមចំណែកដល់គម្រោងសាងសង់ជាច្រើនទៀត ហើយការបើកសម្ពោធ ខ្សែរសង្វាក់ផលិតកម្មនេះ ផ្តល់ឱកាសការងារ ២០០កន្លែងបន្ថែមសម្រាប់ប្រជាជនកម្ពុជា ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះគឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

អាជីវកម្មរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងបានផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យភស្តុភារកម្ម វិស័យទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner