ហ្វីលីពីន-អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីសម្រាប់ឆ្នាំ២០២៦
ម៉ានីល ៖ ប្រមុខការពារជាតិហ្វីលីពីន និងអូស្ត្រាលីបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកតិកាសញ្ញាថ្មីមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធារបស់ហ្វីលីពីន។
ផែនការនេះត្រូវបានប្រកាសនៅពេលដែលកងទ័ពអូស្ត្រាលី និងហ្វីលីពីនប្រហែល ៣.៦០០នាក់បានធ្វើសមយុទ្ធយោធារួមគ្នា ក្នុងនោះមានដូចជាសមយុទ្ធបាញ់គ្រាប់ពិតនៅភាគខាងលិច និងភាគខាងជើងប្រទេសហ្វីលីពីន។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបសមភាគីហ្វីលីពីននៅទីក្រុងម៉ានីលថា កតិកាសញ្ញាថ្មីដែលរំពឹងថា នឹងចុះហត្ថលេខានៅឆ្នាំក្រោយ នឹងជួយជំរុញហេដ្ឋារចនាសម្ព័ន្ធការពារជាតិប្រទេសហ្វីលីពីន ពិសេសជួយសម្របសម្រួលសមយុទ្ធយោធារវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងបណ្តាញសម្ព័ន្ធភាពរបស់ខ្លួនជាមួយបណ្តាប្រទេសមានគំនិតដូចគ្នា នោះគឺការប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
តួយ៉ាង ហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកការពារជាតិជាមួយនូវែលសេឡង់នៅឆ្នាំនេះ ហើយកិច្ចព្រមព្រៀងស្រដៀងគ្នានេះក៏កំពុងដំណើរការជាមួយប្រទេសបារាំង និងកាណាដាផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

