អ្នកនាំពាក្យក្រសួងការបរទេស ៖ ក្នុងដំណើរទស្សនកិច្ច ៤លើក អ្នក សង្កេតការណ៍ អន្តរជាតិ មើលឃើញពីទង្វើបំពានបទឈប់បាញ់ និងការរំលោភបំពានពីភាគីថៃ
(ភ្នំពេញ)៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែងឱ្យដឹងថា ៖ កម្ពុជាបានអនុវិធានការ ការទូតក្រោយបទឈប់បាញ់ ដោយក្នុងនេះក្រសួងការបរទេសបានរៀបចំទស្សនកិច្ចអ្នកសង្កេតការណ៍ពីថ្ងៃទី ១រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥បានចំនួន ៤លើក ។
បញ្ជាក់ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ”នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នង សាកលបានឱ្យដឹងថា ក្រសួងបានអញ្ជើញ ឯកអគ្គរាជទូត រដ្ឋទូត និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការអន្តរជាតិចុះទៅពិនិត្យស្ថានភាពការជាក់ស្តែង នៅតាមមូលដ្ឋាន ព្រំដែនកម្ពុជា និង ថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា ក្នុងចំណោមទស្សនកិច្ចទាំង ៤លើក នៃការចុះសង្កេតការណ៍នេះដែរយើងឃើញមានកំណត់សម្គាល់ប្រតិកម្មបណ្តាមិត្តបរទេសដូចជា៖បានឃើញសកម្មភាពជាច្រើននៃទង្វើ ភាគីម្ខាងទៀត(ថៃ)ដែលបំពានលើបទឈប់បាញ់ លើការ ព្រមព្រងគ្នាក្នុងនោះដូចជាសកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រៀបកង់ឡាន បាញ់គ្រាប់ចំពាមកៅស៊ូ បង្ហោះដ្រូនចូលទឹកដីកម្ពុជា ជីកលេណដ្ឋាន ធ្វើជំរំកងទ័ព ការចល័តកងទ័ព សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា រួមទាំងបន្តការឃុំឃាំងកងទ័ពកម្ពុជា ចំនួន ១៨នាក់ក្រោយបទឈប់បាញ់ដោយខុសច្បាប់ រហូតមកដល់សព្វថ្ងៃ ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងផងដែរអំពីចំណាត់ការជាអន្តរជាតិ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុវត្តក្នុងនេះដូចជា កម្ពុជាបានចាត់វិធានការតាមផ្លូវការទូតដែលស្របតាមវិធានការអន្តរជាតិជាច្រើន ដើម្បីធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងនោះ កម្ពុជាបានជូនដំណឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បណ្តាប្រទេសសមាជិកធអាស៊ាន អគ្គលេខាធិការអាស៊ាន រួមទាំងបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ជាច្រើនទៀត ដោយបានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងការចង់បាននូវសន្តិភាព ការគោរពច្បាប់អន្តរជាតិ ការគោរពចំពោះធម្មនុញ្ញអាស៊ាន និងការគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការស្នើឱ្យថៃគោរពចំពោះស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត