ព្យុះទីហ្វុង Kajiki នឹងវាយប្រហារថៃ ខណៈខេត្តភូកេប្រឈមទឹកជំនន់ធ្ងន់ធ្ងរ
បាងកក ៖ ព្យុះទីហ្វុង Kajiki ដែលជាព្យុះទី១៣ ក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងពាំនាំភ្លៀងធ្លាក់ខ្លាំងវាយលុកភាគខាងជើងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែសីហា នៅពេលដែលវាថមថយឥទ្ធិពលទៅជាព្យុះត្រូពិច ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តបង្កផលប៉ះពាល់ដល់តំបន់ភាគខាងត្បូងនៃប្រទេសថៃ ដោយខេត្តភូកេត កំពុងប្រឈមមុខនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
នាយកដ្ឋានឧតុនិយមថៃបានព្យាករថា នៅថ្ងៃទី២៤ ខែសីហា ព្យុះ Kajiki នឹងកើនឡើងកម្លាំងជាព្យុះត្រូពិចដ៏កំណាច ដែលពាំនាំភ្លៀងធ្លាក់យ៉ាងគំហុកនៅកោះហៃណាន ប្រទេសចិន មុនពេលវាវិវឌ្ឍន៍ខ្លួនទៅជាព្យុះទីហ្វុងប្រភេទទី១។
រីឯនៅថ្ងៃទី ២៤ និងទី២៥ ខែសីហា ព្យុះនេះត្រូវបានរំពឹងថា នឹងបោកបក់លើទីក្រុង Vinh និងភាគខាងត្បូងទីក្រុង Hanoi ប្រទេសវៀតណាម បង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ។ ចំណែកប្រទេសថៃវិញ ត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងឡើងទូទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងបណ្តាខេត្តមួយចំនួន។
នៅថ្ងៃទី២៥ ខែសីហា ព្យុះ Kajiki នឹងចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិច ប៉ុន្តែវាក៏នឹងពាំនាំភ្លៀងធ្លាក់ខ្លាំងគ្របដណ្តប់លើភាគកណ្តាលប្រទេសឡាវ និងនៅតាមបណ្តាខេត្តរបស់ថៃមួយចំនួន និងតំបន់ជិតខាង។
ដោយឡែកនៅថ្ងៃទី២៦ ខែសីហា ព្យុះ Kajiki ត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់ខេត្ត Nan ដោយពាំនាំភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Tha Wang Pha, Bo Kluea, Chalerm Phra Kiat ស្រុក Muang និងតំបន់ជិតខាង។
ចំណែកនៅថ្ងៃទី២៦ និងទី២៧ ខែសីហា ព្យុះនេះនឹងបន្តធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនទៀតរបស់ថៃ និងតំបន់ក្បែរៗនោះ មុននឹងវាថមថយឥទ្ធិពល។
ការព្យាករណ៍ពីព្យុះ Kajiki គឺផ្អែកលើទិន្នន័យរបស់នាយកដ្ឋានឧតុនិយមថៃ, នាយកដ្ឋានធារាសាស្ត្រ, ហានិភ័យនៃព្យុះត្រូពិច, ទីភ្នាក់ងារឧតុនិយមជប៉ុន, ខ្យល់ព្យុះ និងមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងជាដើម៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា