ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញបើកការដ្ឋានសាងសង់ការិយាល័យគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ
តាកែវ៖ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារការិយាល័យគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ។សមិទ្ធផលនេះស្ថិតនៅភូមិដើមគរ ឃុំបូរីជលសារ ស្រុកបូរីជលសារ។

ក្នុងពិធីនេះកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនៃស្រុកបូរីជលសារយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា សមិទ្ធផលនៃការសាងសង់គណបក្សនេះ បង្ហាញអំពីភាពរឹងមាំរបស់គណបក្សនិងបង្ហាញឱ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជាយើងកាន់តែមានស្មារតីចូលរួមសកម្មភាពរបស់បក្សនៅថ្នាក់មូលដ្ឋានថែមទៀត។ ឯកឧត្តមអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវទាំងអស់ចូលរួមជាមួយគ្នាដើម្បីធ្វើឱ្យគណបក្សខេត្ត ក្រុង/ស្រុក សង្កាត់/ឃុំ កាន់តែរីកចម្រើននិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ឯកឧត្តមក៏សូមផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់នៅស្រុកបូរីជលសារ សូមប្រើប្រាស់ទីស្នាក់ការបក្សស្រុកឱ្យមានប្រសិទ្ធភាព,ទទួលបានការគាំទ្រពីសមាជិកបក្ស។ធ្វើយ៉ាងណាដើម្បីឱ្យបក្សដឹកនាំស្រុក ឱ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋបន្តទៅទៀត។

សូមជម្រាបថា សំណង់ការិយាល័យគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារថ្មីនេះ មានទីតាំងស្ថិតនៅភូមិដើមគរ ឃុំ បូរីជលសារ ជាប់សាលាស្រុកបូរីជលសារ ដែលសាងសង់លើផ្ទៃដីសរុបប្រមាណជាង ៣.០០០ម៉ែត្រក្រឡា។ សំណង់អគារ រួមមាន អគារការិយាល័យរដ្ឋបាលគណបក្ស សាលប្រជុំ បន្ទប់ទឹក របងព័ទ្ធជុំវិញ ទីលានកីឡា សួនច្បារ ចំណតយានយន្ត និងអគារផ្សេងៗបន្តបន្ទាប់ទៀត ដោយចំណាយថវិកាសាងសង់ចំនួន ២៧ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា
