គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ ដែលនឹងកាត់បន្ថយការជន់លិចក្រុង
សៀមរាប៖គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែលការស្ដារស្ទឹងនេះ នឹងលើកកម្ពស់សោភណភាព ព្រមទាំងកាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប និងការចរាចរទូក កាណូតចូលមកដល់ក្នុងខេត្តផងដែរ។

ក្នុងឱកាសប្រគល់-ទទួលទីតាំងស្តារស្ទឹងសៀមរាបជំហានទី២នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណសាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាលកាលពីចុងសប្ដាហ៍នេះ លោក លី សារី អភិបាលរងខេត្តបានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភណភាពក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ និងផ្ដល់កន្លែងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណបានទៀតផង។ លោកបានបន្តថា គម្រោងនេះទោះបីជាប្រគល់មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដាន និងជួយមើលថែមួយឆ្នាំទៀតដែរ។

ក្នុងឱកាសនេះលោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ការជីកកកាយ ឬការសាងសង់សំណង់ផ្សេងៗនៅតាមដងស្ទឹង។ ការបង្ហូរទឹកចូលក្នុងស្ទឹង ឬការដាំដើមឈើ ក៏ត្រូវតែស្នើសុំមកកាន់រដ្ឋបាលខេត្តជាមុនផងដែរព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ ។

ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ច ត្រូវណែនាំដល់ប្រជាពលរដ្ឋ ឲ្យជួយថែរក្សាអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសពេលដែលពួកគាត់ហាត់ប្រាណនៅតំបន់នោះ។ លោកក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយដល់ការស្តារស្ទឹងសៀមរាបជំហានទី២នេះ បានជោគជ័យតាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនោះដែរឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា កន្លងមកក្រុងសៀមរាបតែងតែជួបប្រទះបញ្ហាទឹកជំនន់ញឹកញាប់ ដោយសារស្ទឹងសៀមរាបហូរកាត់ក្រុងមានសភាពចាល់។ ចំណែកទឹកទន្លេសាបឡើងខ្ពស់ និងប្រព័ន្ធលូនានាដែលហូរមិនទាន់។ បន្ទាប់ពីការសាងសង់ និងជួសជុលរួចរាល់ ក្រសួងបានផ្ទេរការគ្រប់គ្រងទៅរដ្ឋបាលខេត្ត ហើយក៏បានស្នើឱ្យរដ្ឋបាលខេត្តជួយទប់ស្កាត់ការសង់សំណង់ផ្សេងៗ ដើម្បីរក្សា និងលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើង ឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងបន្តស្តារស្ទឹងសៀមរាបជំហានទី៣ បន្តទៀត៕
ដោយ៖ប៊ុនរដ្ឋា

