ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ សូមបងប្អូនពលករមកពីថៃស្វែងរកការងារនៅក្នុងប្រទេសវិញ ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យរីកចម្រើនបន្តទៀត
(ខេត្តតាកែវ)៖ សូមបងប្អូនពលករ ដែលមកពីថៃ ស្វែងរកការងារនៅក្នុងប្រទេសយើងវិញ ចូលរួមសាមគ្គីជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសង្គមកម្ពុជា ឱ្យបានរីកចម្រើនបន្តទៀត ហើយក្រុមការងារទាំងអស់ ត្រូវស្រង់ឈ្មោះបងប្អូនពលករដែលមានជំនាញផ្សេងៗគ្នា ដើម្បីស្វែងរកការងារជូនពួកគាត់ផងដែរ។
នេះជាប្រសាសន៍ អំពាវនាវ និងកាណែនាំ របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ សរុបប្រមាណ ៩៣៣នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាសជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅសាលាស្រុកបូរីជលសារ ខេត្តតាកែវ។
ឯកឧត្តរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូនពលករអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ព្រមទាំងបានពាំនាំនូវទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោនិងសម្តេចធិបតី ចំពោះបងប្អូនពលករយើងដែលធ្វើការនៅប្រទេសថៃ ហេតុដូច្នេះទើបសម្តេចទាំងទ្វេរអំពាវនាវឱ្យបងប្អូនយើងត្រឡប់មកកម្ពុជាយើងវិញក្នុងគោលដៅការពារសុវត្ថិភាពពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងខេត្តតាកែវ មានពលករចំណាកស្រុក ជាង ១ម៉ឺននាក់ ខណៈដែលពលករបានវិលត្រឡប់មកពីប្រទេសថៃមានជិត ៩ពាន់នាក់ហើយ ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ខេត្តតាកែវ មានឱកាសការងារ ចំនួន ៨,៨១២កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលករអាចស្វែងរកការងារធ្វើតាមរយៈការខលសម្ភាសន៍តាមទូរស័ព្ទលេខ ១២៩៧ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ដើម្បីឱ្យប្រជាពលរដ្ឋជាពលករមកពីថៃស្វែងរកកាងារធ្វើ មានភាពងាយស្រួលកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ក្រុមការងារតាមរយៈមន្រ្តី និងយុវជនស្ម័គ្រចិត្ត ដើម្បីជួយផ្គូផ្គងគ្នា រវាងអ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា









