BYD Cambodia បញ្ចេញរថយន្ត BYD សេរីថ្មីចំនួន ២ម៉ូឌែលវាយលុកទីផ្សារកម្ពុជា

ភ្នំពេញ ÷ ក្រុមហ៊ុន BYD Cambodia បញ្ចេញរថយន្ត BYD សេរីថ្មីចំនួន ២ម៉ូឌែលវាយលុកទីផ្សារប្រទេសកម្ពុជា និងប្រគល់រថយន្តទី២.៥០០គ្រឿងជូនថល់អតិថិជនទី២.៥០០។

ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារ សាន់អេនមូន ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ជិន យីបហ្វី ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់នៃក្រុមហ៊ុន ប៊ីវ៉ាយឌី អេផេក អូតូ សែល ឌីវីសិន( BYD APAC Auto sale Division ) និងលោក យ៉ាងចាវ ប្រធានតំណាងអាជីវកម្ម ប្រចាំប្រទេស របស់ក្រុមហ៊ុន BYD និងគណ:គ្រប់គ្រង ក្រុមហ៊ុនប៊ីវ៉ាយឌី ខេមបូឌា ( BYD Cambodia) របស់ ហាម៉ូនី អូតូ (Harmony Auto)។

បើតាមក្រុមហ៊ុន BYD រាល់ការប្រគល់រថយន្តនីមួយៗ គឺជាការចាប់ផ្តើមនៃសាច់រឿងមួយ អេវើរី សែល អឹ ញ៉ូ ហ្វ្រេនស៊ីប( Every Sale, A New Friendship).ដែលជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន BYD ចំពោះទីផ្សារ និងជាចម្លើយចំពោះអនាគត។ ដោយឡែក ទាក់ទងនិងរថយន្តBYD សេរីថ្មី ទាំង២ម៉ូឌែល ដែលក្រុមហ៊ុន BYD ដែលបានណែនាំ ហើយអាចនិងមកដល់ក្នុងទីផ្សារប្រទេសកម្ពុជាក្នុងខែតុលាខាងមុខ ត្រូវបានលោក ប៉ានគីម ហួរ អ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន ប៊ីវ៉ាយឌី អះអាងថា ជារថយន្ត ប៊ីវ៉ាយឌី ស៊ីលៀន សេវេន( BYD Sealion 7)   និង ប៊ីវ៉ាយឌី អេមណាញ  (BYD M9) ដែលបង្ហាញពីភាពខ្លាំង នៃនវានុវត្តន៍របស់ខ្លួន នៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជា។

បើតាមលោក ប៉ាន គីមហ៊ួរ អ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនរថយន្ត BYD បានមានប្រសាសន៍ថា ៖ BYD Sealion 7 គឺជារថយន្ត SUV អគ្គិសនីសុទ្ធថ្មីសុទ្ធ ដែលមានរយៈចម្ងាយធ្វើដំណើរ អតិបរមារ ហូតដល់ ៥៥០ គីឡូម៉ែត្រ និងអាចសាកថ្មបានរហ័ស ដែលលុបបំបាត់ការធុញថប់បចំពោះការធ្វើដំណើរផ្លូវឆ្ងាយ ព្រោះរថយន្ត មានទំហំធំទូលាយ និងមានផាសុកភាព។ ចំណែក BYD M9 គឺជារថយន្ត MPV ពហុមុខងារ ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និងភាពប្រណីត ដែលបំពាក់ដោយបច្ចេកវិទ្យា ស៊ុបភើ ហាយប្រីដ (Super Hybrid )។  រថយន្តនេះ អាចសម្រេចបាន នូវរយៈចម្ងាយធ្វើដំណើរដ៏ឆ្ងាយ ជាមួយនឹងប្រេងឥន្ធនៈ និងថ្មពេញ ដែលផ្តល់នូវទាំងការសន្សំសំចៃថាមពល និងកម្លាំងខ្លាំង។ ម៉ូដែលទាំងពីរនេះ ត្រូវបានដាក់បង្ហាញក្នុងពេលដំណាលគ្នា ដែលមិនត្រឹមតែបង្កើននូវជម្រើសផលិតផល របស់ក្រុមហ៊ុន BYD នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើស នៃការធ្វើដំណើរ បៃតងដ៏ទំនើប និងឆ្លាតវៃជាងមុនផងដែរ  ដែលបង្ហាញពីភាពជាអ្នកដឹកនាំ របស់ក្រុមហ៊ុន BYD នៅក្នុងសកលលោកថ្មី នៃការធ្វើដំណើរបៃតង និងឆ្លាតវៃរបស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា BYD មានការិយាល័យកណ្តាលនៅលើមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសាងសង់ ហើយទីតាំងសេវាកម្មក្រោយពេលលក់ គ្រោងនឹងបង្កើនដល់ ៤ កន្លែងក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏គ្រោងនឹងពង្រីកទៅកាន់ខេត្តក្រុង ជាច្រើនទៀត ក្នុងឆ្នាំនេះ រួមមាន៖ ខេត្តសៀមរាប ក្រុងព្រះសីហនុ និងខេត្តបាត់ដំបងជាដើម៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner