រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេងគាំទ្រ ១២០ លើ១២០សំឡេង នៃសមាជិករដ្ឋសភាទាំងមូល។ ការអនុម័តនេះ នៅក្នុងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំរដ្ឋសភាក៏ឃើញមានវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងអំពីដំណើរការ និងសាវតានៃសេចក្តីព្រាងច្បាប់នេះថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយក្តាប់តូច បានធ្វើសកម្មភាព និងកំពុងធ្វើសកម្មភាពនានាដែលនាំឱ្យអន្តរាយដល់ខឿនការពារជាតិ សន្តិសុខជាតិ និងអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។

ដោយពិនិត្យឃើញនូវភាពចាំបាច់ និងផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងតាមសេចក្តីស្នើសុំពីតំណាងរាស្ត្រទាំង១២៥រូប រាជរដ្ឋាភិបាលបានផ្តួចផ្តើមធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាមូលដ្ឋានគតិយុត្តនិងបើកផ្លូវដល់ការធ្វើវិសោធនកម្មដោយបន្ថែមឱ្យមានការដកសញ្ជាតិខ្មែរ ចំពោះជនដែលធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិនាំឱ្យអន្តរាយដល់សន្តិភាព ការឯកភាពជាតិ អធិបតេយ្យភាព បូរណភាពជាតិ និងសន្តិសុខជាតិ ក៏ដូចជាទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ និងជាតិមាតុភូមិកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់ប្រយោជន៍សំខាន់ៗដូចដូចជា ធ្វើឱ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិនិងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងការអនុវត្តនៃការទទួលបានសញ្ជាតិខ្មែរស្របតាមនីតិវិធីនៃច្បាប់នេះ ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិកាស្នេហាជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្ត និងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ។

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តដែលមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយដ៏រឹងមាំក្នុងការទប់ស្កាត់ការប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ ឯកឧត្តមបានបញ្ជាក់ថា « សេចក្តីព្រាងច្បាប់នេះ មិនបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងមិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរឡើយ»៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner