ក្រុមអ្នកជំនាញ បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិច របស់ប្រាសាទតាព្រហ្មជាស្ថាពរ

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥នេះ។

ទាក់ទិនក្នុងរឿងនេះ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា រយៈពេល ៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ដែលទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ ការជួសជុល តម្រូវឱ្យរុះរើថ្មមួយចំនួនដែលហែកក្រផកមិនមានលំនឹងចេញ រួចហើយត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ ចំណែកឯថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញ។ ផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធជំនួសថ្មចាស់។

ក្រុមអ្នកជំនាញរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ពន្ធរោងទងទី៣នេះ ទាំងសំណង់ប្រាសាទ និងភ្ញៀវទេសចរ នឹងលែងមានបញ្ហាប្រឈម និងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យរោងទងទី៣ កាន់តែមានភាពសោភ័ណភាព និងទាក់ទាញបន្ថែមទៀតនៅក្នុងប្រាសាទតាព្រហ្ម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner