ភេសជ្ជៈប៉ូវកម្លាំងបាកាស ២.០០០កេស និងម៉ូតូម៉ាក Honda Wave ៥គ្រឿង ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដេីម្បីចាត់ចែងប្រើប្រាស់តាមមុខការចាំបាច់

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងបាកាសចំនួន ២.០០០កេស និងម៉ូតូម៉ាក Honda Wave ចំនួន ៥គ្រឿង ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ ។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើនេះ ធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន អ្នកឧកញ៉ា សុខ សំណាង អគ្គនាយក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និងលោកជំទាវ ស៊ីម សុនិមល និងលោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។

ក្នុងព្រះបរមនាមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ព្រមទាំងសហការី ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមចំណែកជ្រោមជ្រែងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១២រៀងមក ។

លោកជំទាវ បានគូសបញ្ជាក់ថា «ការបរិច្ចាគរបស់អ្នកឧកញ៉ា និងលោកជំទាវ ដោយការស្ម័គ្រចិត្តនាពេលនេះ គឺពិតជាមានគុណតម្លៃធំធេងណាស់ ក្នុងការលើកកម្ពស់ស្មារតី វប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយ អ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។»

អ្នកឧកញ៉ា សុខ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាទាំងពេលកន្លងមក និងបច្ចុប្បន្ន ហើយ អ្នកឧកញ៉ា បានសម្តែងក្តីរីករាយ ដោយបញ្ជាក់ថា នឹងបន្តចូលរួមជាមួយកាកបាទក្រហមកម្ពុជាទៀត តាមតម្រូវការរបស់កាកបាទក្រហមកម្ពុជាស្របតាមបច្ចុប្បន្នភាពបរិបទជាក់ស្តែងនៃការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ថ្វាយនិងជូននាពេលនេះ រួមមានភេសជ្ជៈប៉ូវកម្លាំងបាកាស ចំនួន ២.០០០កេស និងម៉ូតូម៉ាក Honda Wave ចំនួន៥គ្រឿង ស្មើនឹងទឹកប្រាក់ ៣៥.៥០០ដុល្លារអាម៉េរិក៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner