កម្ពុជា ផ្ដោតអាទិភាពលើលក្ខណៈពិសេស នៃពូជស្រូវក្រអូប និងប្រណិត ដើម្បីប្រជែងគុណភាពនៅលើទីផ្សារគោលដៅ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ស្ថិតក្នុងគ្រាដ៏លំបាកនេះ មន្ត្រីនៃក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅតែបន្តឆ្លើយតបនឹងការធ្លាក់ថ្លៃស្រូវសើម តាមរយៈ​ការ​សម្របសម្រួលការប្រមូលទិញនៅទីវាលនិងដឹកជញ្ជូន ហើយការដាក់​ចេញ​យុទ្ធ​សាស្ត្រ​ពង្រីក និងពិពិធកម្មទីផ្សារនាំចេញនេះ នឹងជួយសម្រួលដល់កិច្ចខិតខំប្រឹង​ប្រែងជំរុញថ្លៃស្រូវរបស់ប្រជាកសិករ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជាផ្ដោតអាទិភាពលើលក្ខណៈពិសេសនៃពូជស្រូវក្រអូប និងប្រណិត ដើម្បីប្រជែងគុណភាពនៅលើទីផ្សារគោលដៅ ជាជាងការប្រកួតប្រជែង​លើ​បរិមាណ គឺនឹងជួយបង្កើនតម្លៃហើយផ្ដល់ផលចំណេញជូនទាំង​រោងម៉ាស៊ីន​នាំ​ចេញ ទាំងប្រជាកសិករផ្ទាល់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យរោងម៉ាស៊ីនជឿជាក់ និងផ្ដល់តម្លៃខ្ពស់​ដល់ពូជយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីជួយជំរុញម៉ាកយីហោអង្ករកម្ពុជា​ទៅប្រកួត​ប្រជែងនៅលើទីផ្សារអន្តរជាតិ។

ប្រសាសន៍លើកឡើងខាង​លើ ខណៈឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជា​គណៈអធិបតីក្នុងពិធីសម្ពោធយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករ​កម្ពុជា ២០២៥-២០៣០ និងពិធីបើកមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និង​សមា​ជិកក្រុមប្រឹក្សាភិបាលនៃ(ស.អ.ក) អាណត្តិទី៥។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈការចងក្រង​សហគមន៍​កសិកម្ម​ទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ដើម្បីធានាគុណភាព និង​ការ​ផ្គត់ផ្គង់ឋិតថេរ ដែលអាចប្រជែងក្នុងទីផ្សារគោលដៅបាន៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner