វៀតណាមជន់លិចរដ្ឋធានី បន្ទាប់ពីព្យុះទីហ្វុងកាជីគី

ហាណូយ ៖ យានជំនិះ និង អ្នកថ្មើរជើង ត្រូវធ្វើដំណើរ ឆ្លងកាត់ផ្លូវលិចទឹក នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បន្ទាប់ពីព្យុះទីហ្វុង កាជីគី ដែលបានបោកបក់ នៅខ្សែក្រវ៉ាត់កណ្តាល របស់ប្រទេស មួយនេះ តាំងពីថ្ងៃចន្ទ។

ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុង Kajiki បានកើនដល់ ចំនួន៣នាក់ ក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃអង្គារ ទី២៦ ខែសីហា។

ក្រុមអ្នកជួយសង្គ្រោះ បាននិងកំពុងប្រញាប់ប្រញាល់ ដោះស្រាយបញ្ហា ដើមឈើដែលដួលរលំ និងផ្តាច់ខ្សែភ្លើង ហើយ ទឹកជំនន់ ដែលរីករាលដាល បាននាំមកនូវភាពចលាចល ដល់ផ្លូវនានា នៅក្នុង រដ្ឋធានីហាណូយ។

ព្យុះទីហ្វុងបានបោកបក់ នៅភាគកណ្តាល ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែសីហា ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានធ្វើឱ្យប៉ើង ដំបូលផ្ទះ រាប់ពាន់ខ្នង និងផ្តាច់ចរន្តអគ្គិសនី មិនអាចឲ្យមនុស្ស ១លាន៦សែននាក់ មានភ្លើងអគ្គិសនី ប្រើប្រាស់បាន។

អាជ្ញាធរបាននិយាយថា ទឹកជំនន់ បានកាត់ផ្តាច់ភូមិ ចំនួន២៧ នៅតំបន់ភ្នំ ខណៈដែលមនុស្ស ជាង ៤ម៉ឺន៤ពាន់ នាក់ ត្រូវបានជម្លៀសចេញ នៅពេលដែលព្យុះ បានខិតជិតមកដល់។

នៅប្រទេសវៀតណាម មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ ឬ បាត់ខ្លួន ព្រោះតែគ្រោះធម្មជាតិ ក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ នេះបើយោងតាមក្រសួងកសិកម្ម។

កាលពីខែកញ្ញា ឆ្នាំមុន ព្យុះទីហ្វុង Yagi បានវាយលុក ភាគខាងជើង ប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ដោយបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឱ្យមនុស្សជាង ៧០០ នាក់ស្លាប់ និង បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner