ក្រសួងកសិកម្ម និង ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក រៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជូនសហគមន៍កសិកម្មទំនើប សំដៅបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការដាំដុះរបស់ប្រជាកសិករ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នំា២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធិចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ស្តីពីការរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជូនសហគមន៍កសិកម្មទំនើប សំដៅបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការដាំដុះរបស់ប្រជាកសិករ។

ក្នុងបរិបទនៃបញ្ហាតម្លៃស្រូវបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការត្រៀមកញ្ចប់ទុនកម្ចីនេះនឹងជួយពុកម៉ែបងប្អូនប្រជាកសិករ ដែលបានរងផលប៉ះពាល់ផងដែរ ក្នុងការស្ដារឡើងវិញនៅរដូវក្រោយតាមរយៈការចូលរួមសហគមន៍កសិកម្មទំនើប ដើម្បីទទួលទុនកម្ចីនេះ ដែលកន្លងមកមានអត្រាការប្រាក់ទាបជាងការខ្ចីរៀងៗខ្លួននៅខាងក្រៅ ហើយក្នុងក្របខណ្ឌការបង្កបង្កើនផលក្នុងសហគមន៍ ការប្រមូលទិញជីថ្នាំនិងពូជរួមគ្នាគឺនឹងជួយកាត់បន្ថយចំណាយដើម ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង សម្រាប់ការឈានចូលក្នុងវិស័យកសិកម្មតាមរយៈកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាការជួយប្រមូលទិញកសិផលកន្លងមក និងចំណាប់អារម្មណ៍ទៅមុខក្នុងការវិនិយោគលើការកែច្នៃកសិផលក្នុងស្រុក ដែលនឹងជួយលើកស្ទួយភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា៕

ប្រភព ៖ ក្រសួងកសិកម្ម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner