អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡង ២៨ សីហា ២០២៥ ស្ថិតនៅមណ្ឌល វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។ តាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមសម័យប្រលងបាក់ឌុបឆ្នាំ២០២៥មានមណ្ឌលប្រលងសរុបចំនួន១៥មណ្ឌលស្មើនិង៣៨៧បន្ទប់ចំនួនសិស្សដែលត្រូវប្រលងសរុប៩៦៤១នាក់(ស្រី៥៦០៤នាក់)។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ទៅតាមផែនការដែលបានដាក់ចេញ នាពេលកន្លងមក សំដៅធ្វើយ៉ាងណាឲ្យការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានជោគជ័យ។
ឯកឧត្តម អភិបាលខេត្ត ក៏សូមផ្ញើសារជូនពរដល់បេក្ខជនដែលមានឈ្មោះប្រឡងទាំងអស់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយគោរពតាមគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់” ៕
ដោយ ៖ លី ពៅ


