ទោះបីមានសភាពការណ៍តានតឹងខ្លះនៅព្រំដែន តែមិនប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥ នេះទេ
(បន្ទាយមានជ័យ)៖ ទោះបីជាមកទល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍តានតឹងខ្លះនៅបណ្តោយយព្រំដែនកម្ពុជា ថៃ តែវាមិនប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥នេះទេ។
ដំណើរការមណ្ឌលសរសេរនៃសម័យប្រឡងថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ ត្រូវបានក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡាសហការនឹងរដ្ឋបាលខេត្តត្រៀមបម្រុង រៀបចំនិងប្រព្រឹត្តិទៅដូចបានគ្រោងទុក។ នេះបើតាមមន្ត្រីអាជ្ញាធរ និងជំនាញឱ្យដឹងកាលពីថ្ងៃទី២៧ ខែសីហា ។ ការកាត់បើកវិញ្ញាសារដំបូងធ្វើឡើងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណនាម៉ោង៧:០០ព្រឹកថ្ងៃ ទី២៨ ខែសីហា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
បើតាមលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ៖ ខេត្តបន្ទាយមានជ័យ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃ ២៨ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។
ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។
មានចំនួន៨មណ្ឌលនៅក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត ដែលថ្នាក់វិទ្យាសាស្ត្រមាន ៣ មណ្ឌល គឺ .មណ្ឌលហ៊ុនសែនសូភី .មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន និង.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៥មណ្ឌល គឺ-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។ -មណ្ឌលវិទ្យាល័យសម្តេចឪ ។.មណ្ឌលសកលវិទ្យាល័យ UME ។-មណ្ឌលវិទ្យាល័យអូអំបិល និង-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ បេក្ខជន នារីចំណេះទូទៅរដ្ឋ និង ឯកជនត្រូវប្រឡងនៅមណ្ឌល៦ ខាងលើ លើកលែងបេក្ខជនបំពេញវិជ្ជានិងស្វៃរិន ប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ៕
ដោយ ៖ ឃិន គន្ធា


