អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ និងជូនពរ​ឲ្យសិស្សដណ្តើមបាននិទ្ទេស A នឹងទទួលបានរង្វាន់លើកទឹកចិត្ត

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមទាំងលោក​គ្រូ អ្នកគ្រូ អនុរក្ស និងបេក្ខជនមកប្រឡងបានពិនិត្យផ្ទៀងផ្ទាត់​នៃការបើក​ហិបសុវត្តិ​ភាព និងកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នាសម័យប្រឡងថ្ងៃ​ទី​២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅមណ្ឌល​ប្រឡង នៃវិទ្យាល័យកំពង់ស្ពឺ ។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹង ដែលបានខិតខំសិក្សារៀនសូត្រ នៅ​មធ្យម​សិក្សាទុតិយភូមិ ដើម្បីឈានចូលទៅបន្តការសិក្សានៅកម្រិត​ថ្នាក់មហា​វិទ្យា​ល័យ សាកលវិទ្យាល័យបន្តទៀត ដូច្នេះត្រូវខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យការ​ប្រឡងនេះបានជាប់គ្រប់ៗគ្នា។ ពិសេសជាងនេះត្រូវអនុវត្តឱ្យបានតាមការណែនាំ​របស់ក្រសួងអបរំ យុវជន និងកីឡា ដោយគោរពឱ្យបាននូវគោលការណ៍ទាំង៤ នៃ​ការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន (អ្នកចេះគឺជាប់)។

លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានជូនពរដល់សិស្សទាំងអស់មានសេចក្តី​សុខ​សាន្ត ចិត្តរឹងមាំ ប្រើប្រាស់ចំណេះដឹង និងភាពជឿជាក់លើខ្លួនឯងឲ្យបានពេញលេញ​ត្រូវមានការប្តេជ្ញាចិត្ត និងអត់ធ្មត់ក្នុងប្រឡងនាំឱ្យទទួលបានជោគជ័យ ​(ជាប់និទ្ទេស​A) ដែលលទ្ធផលល្អនេះបានសម្រេចតាមបំណង និងក្លាយជាកម្លាំង​ចំណេះដឹង​ដ៏មាន​តម្លៃសម្រាប់គ្រួសារ សង្គម និងជាតិ។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង​សម្រាប់​ជីវិតសិស្ស ព្រោះវាជាជំហានមួយក្នុងការបន្តអប់រំ និងអនាគតការងារ ការ​ប្រឡងវាជាវិធីសាស្រ្តមួយក្នុងការវាស់វែងចំណេះដឹង និងសមត្ថភាពដែលសិស្ស​ទទួលបាន ក្នុងអំឡុងពេលសិក្សានៅមធ្យមសិក្សាទុតិយភូមិ។សញ្ញាបត្រប្រឡងនេះ គឺជាច្រកទ្វារសំខាន់សម្រាប់បន្តការសិក្សាទៅកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ ឬវិទ្យាស្ថានជំនាញផ្សេងៗ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ជាមូលដ្ឋានសម្រាប់​សិស្ស​មួយចំនួនដែលចង់ចូលធ្វើការងារនៅក្នុងវិស័យរដ្ឋ ឬឯកជនដោយមានការ​ទាមទារថ្នាក់កំរិតវប្បធម៌ ជាងនេះការប្រឡងជួយឲ្យសិស្សមានវិន័យ ការប្រឹងប្រែង និងការត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងការប្រកួតប្រជែងក្នុងជីវិតពិតមួយដែលអាចប្រើប្រាស់ក្នុងការចុះបញ្ជីសិក្សាបំពេញការងារ ឬឆ្ពោះទៅរកជីវភាពល្អប្រសើរនា​ពេលអនាគត។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ បានរៀបចំឱ្យមានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ដែល​មានបន្ទប់ប្រឡងចំនួន ២៣៦បន្ទប់ និងមានបេក្ខជនប្រឡងចំនួន ៥៨៤៥នាក់ (ស្រីចំនួន ៣៣០៧នាក់) ៕

ដោយ ម៉ុន សំអាត

ads banner