រដ្ឋមន្រ្តីក្រសួងអប់រំនឹងចុះទៅជួបបេក្ខជនប្រឡងបាក់ឌុប នៅខេត្តព្រះវិហារ ,ឧត្តរមានជ័យ ដើម្បីផ្តល់ការគាំទ្រផ្នែកស្មារតី
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាឯកឧត្តមនឹងចេញដំណើរទៅខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីមើលដំណើរការប្រឡងបាក់ឌុបក្នុងខេត្តកំពង់ធំ។ ជាពិសេសក៏នឹងទៅជួបសិស្ស ពិនិត្យមើលកន្លែងស្នាក់នៅរបស់កូនសិស្សនៅខេត្តព្រះវិហារ និងឧត្តរមានជ័យដែលទទួលរងការឈ្លានពានតាមព្រំដែនពីសំណាក់កងទ័ពថៃ។
បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១នៃដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថាការចុះទៅជួបបេក្ខជន ពិសេសនៅខេត្តព្រះវិហារ និងបេក្ខជនខេត្តឧត្តរមានជ័យ គឺដើម្បីផ្តល់ការគាំទ្រផ្នែកស្មារតី ដល់សិស្សានុសិស្សក្នុងខេត្តដែលរងគ្រោះដោយសារជម្លោះតាមព្រំដែននាកន្លងមក។
គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកហឹបវិញ្ញាសាប្រឡង នៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ ។ ក្រៅពីនេះក្នុងពិធីនេះគេក៏ឃើញមាន តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រធានអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌល នៅចំពោះមុខបេក្ខជនប្រឡងផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ




