ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចាត់ទុកសម្ដេចធិបតី ជាអ្នកដឹកនាំ ១រូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា បានថ្លែងចាត់ទុកសម្ដេចធិបតី ជាអ្នកដឹកនាំ ១រូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍ ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម U Khin Yi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញនូវសេចក្ដីសោមនស្ស ដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្ដងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព ។

ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការ លើការងារបណ្ដាញផ្សព្វផ្សាយ ។

ជាការឆ្លើយតប, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ ឯកឧត្តម U Khin Yi និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ ។

សម្ដេចធិបតី បានជំរុញ លើកទឹកចិត្ត និងគាំទ្រចំពោះការបន្តពង្រឹងទំនាក់ទំនងរវាង រដ្ឋនិងរដ្ឋ ក៏ដូចជាបក្ស និងបក្ស ពិសេសក្នុងក្របខ័ណ្ឌយុវជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner