គណៈប្រតិភូសភាអាមេរិក គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ
ភ្នំពេញ៖ គណៈប្រតិភូសភាអាមេរិកបានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ ហើយក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ ការជំហរ និងការកោតសរសើររបស់គណៈប្រតិភូសភាអាមេរិកបែបនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព កាលពីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។
លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជាថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។ បទឈប់បាញ់នេះបានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហើយបានកម្ពុជាស្នើ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការធ្វើសម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្ដេចធិបតី និងលោកជំទាវ Beth Van Duyne ក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខនិងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាជាដើម។ ក្នុងឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរកការស្តារឡើងវិញនូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គណៈប្រតិភូសភាអាមេរិកក៏បានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

