អតីតស្ត្រីទីមួយកូរ៉េខាងត្បូងរងការចោទប្រកាន់ជាផ្លូវការពីបទស៊ីសំណូក

សេអ៊ូល ៖ ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា លោកស្រី Kim Keon Hee ភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទស៊ីសំណូក និងការចោទប្រកាន់ផ្សេងទៀត ខណៈការស៊ើបអង្កេតកាន់តែទូលំទូលាយលើវិបត្តិច្បាប់អាជ្ញាសឹក និងរឿងអាស្រូវពាក់ព័ន្ធនឹងគូស្វាមីភរិយាដែលធ្លាប់មានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូងនេះ។

សារព័ត៌មាន CNA បានរាយការណ៍ថា ទាំងលោក Yoon និងលោកស្រី Kim ត្រូវបានចាប់ខ្លួន និងកំពុងជាប់ពន្ធនាគារ ដោយលោក Yoon ឆ្លងកាត់ដំណើការកាត់ក្តីរួចមកហើយ ជុំវិញបទចោទជាច្រើន ដែលរួមមានបទបះបោរ បន្ទាប់ពីការបណ្តេញលោកចេញពីតំណែងនៅខែមេសា ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹកក្នុងខែធ្នូ។

គូស្វាមីភរិយាមួយគូនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាដោយក្រុមរដ្ឋអាជ្ញាពិសេស ក្រោយពេលលោក Yoon ត្រូវបានបណ្តេញចេញពីតំណែង និងលោកប្រធានាធិបតី Lee Jae Myung ឡើងកាន់តំណែងជំនួស
។ នេះជាលើកទីមួយហើយ ដែលអតីតស្រ្តីទីមួយកូរ៉េខាងត្បូងត្រូវចោទប្រកាន់ជាផ្លូវការ។

បទចោទលើលោកស្រី Kim អាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារជាច្រើនឆ្នាំប្រសិនបើរកឃើញថា មានកំហុសពិតមែន ដែលបទចោទមានចាប់ពីការក្លែងបន្លំភាគហ៊ុន រហូតដល់ការស៊ីសំណូកសូកប៉ាន់ ដែលពាក់ព័ន្ធនឹងម្ចាស់អាជីវកម្ម ឥស្សរជនសាសនា និងអ្នកសម្របសម្រួលអំណាចនយោបាយ។

ទោះបីជាយ៉ាងណា ក្រុមមេធាវីរបស់អតីតស្រ្តីទីមួយកូរ៉េខាងត្បូងរូបនេះ បានបដិសេធបទចោទទាំងនោះ ហើយបានអះអាងថា របាយការណ៍ព័ត៌មានអំពីអំណោយមួយចំនួនដែលគេចោទលោកស្រីថាបានទទួលយក គឺជាការចោទទាំងគ្មានមូលដ្ឋានត្រឹមត្រូវ។ ដោយឡែក នៅថ្ងៃសុក្រដដែលនេះ រដ្ឋអាជ្ញាពិសេសដែលស៊ើបអង្កេតវិបត្តិច្បាប់អាជ្ញាសឹក ក៏ចោទប្រកាន់ជាផ្លូវការលើអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដែលតែងតាំងដោយលោក Yoon ផងដែរ ជុំវិញការចោទប្រកាន់ពីបទបះបោរ និងការនិយាយភូតកុហក់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner