ក្រុមអ្នកសារព័ត៌មានបរទេសទៅមើលផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះបន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការ

បន្ទាយមានជ័យ៖ បន្ទាប់ពីចុះយកព័ត៌មានផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះដោយទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែសីហា ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានបន្តទៅកាន់ខេត្តឧត្តរមានជ័យ និងទៅមើលទីតាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរជាផ្លូវការ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើបទបង្ហាញដល់ក្រុមអ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។ ជាពិសេសសកម្មភាពបំពានរបស់កងទ័ពថៃ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ បានបន្តរាយបន្លាលួសព័ន្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអីរបីជាន់ ប៉ុន្តែ សកម្មភាពបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា មិនបានសម្រេចនោះទេ ដោយសារប្រជាពលរដ្ឋជាម្ចាស់ដី និងប្រជាពលរដ្ឋខ្មែរ បានសហការគ្នាបណ្តេញកងទ័ពថៃ ឱ្យដកថយទៅវិញ ដោយមិនមានការប៉ះទង្គិចគ្នានោះឡើយ។

សូមជម្រាបថា កម្មវិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហាអ្នកសារព័ត៌មានអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានសម្ភាសជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។

ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានតំបន់អាស៉ី បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល៕

ដោយ:ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner