ជំនួយរបស់អភិបាលខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនបញ្ជាការ​ស្រាលទាំង៩គោលដៅ

កំពង់ធំ៖គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ ដែលជា​ជំនួយឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍​នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ​ខេត្តកំពង់ធំប្រគល់ជូនទីបញ្ជាការស្រាលការពារ ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធានធម្មជាតិចំនួន ៩គោលដៅ​ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្ក ។

ក្នុងពិធីប្រគល់ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី​៤ឧត្តម​សេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់កងកម្លាំងចម្រុះនៅទី​បញ្ជាការ​ស្រាលទាំង៩ ដែល​បានធ្វើសកម្មភាពយ៉ាងសកម្មនៅ​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងតំបន់​ដែន​ជម្រក​សត្វព្រៃបឹងពែ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក និងដែនគម្រប​ព្រៃឈើក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុក។ ជាលទ្ធផល​រយៈពេលជាង​មួយ​ឆ្នាំនៃយុទ្ធនាការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិកន្លងទៅនេះ កងកម្លាំងចម្រុះបានរកឃើញផ្ទៃដីដែល​ក្រុម​ជនល្មើសលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិនាពេលកន្លងទៅមានចំនួន ជិត ៤ ០០០ហិកតា ព្រមទាំងបានគ្រប់គ្រង និងរួមគ្នាដាំស្ដារ​ព្រៃឈើ​ឡើងវិញនៅលើផ្ទៃដីដែលបានដករហូតជាសម្បត្តិរដ្ឋ បានជាង ៥ម៉ឺន​ដើមរួចមកហើយ ។ ជាមួយគ្នានោះ ក៏បានចាប់ឃាត់ខ្លួនជន​ប្រព្រឹត្តបទ​ល្មើសមួយចំនួន រួមជាមួយ​មធ្យោបាយជាវត្ថុតាងបញ្ជូនទៅកាន់តុលាការ​ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកទឹកចិត្តឱ្យបន្តរួមគ្នាធ្វើសកម្មភាព​ដ៏ល្អនេះបន្ថែមទៀត៕
ដោយ៖ ប៊ុន រដ្ឋា

ads banner