សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង

(ប៉េកាំង)៖ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ។

ជំនួបនេះ ភាគីទាំងពីរ នឹងពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។

អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្តេចបវរធិបតី ក៏នឹងរំពឹងជួបជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner