ក្រុមហ៊ុន អូ អឹម ស៊ី ដាក់បង្ហាញម៉ូឌែលម៉ូតូ Suzuki nex ស៊េរីថ្មី 2026 គុណភាពខ្ពស់ ស៊ីសាំងតិច រចនាបទថ្មីបែបខ្មែរ
(ភ្នំពេញ)៖ Suzuki nex ស៊េរីថ្មី 2026 ដែលមានរចនាបទទំនើបបែបខ្មែរដំបូងបំផុត នៅប្រទេសកម្ពុជា ផលិតដោយក្រុមហ៊ុន អូ អឹម ស៊ី បានបើកបង្ហាញដាក់លក់នៅលើទីផ្សាហើយ ។ ក្រុមហ៊ុន អូ អឹម ស៊ី ដើម្បីបំពេញតំរូវការ និងការគាំទ្ររបស់អតិថិជន បានរចនា Suzuki nex 2026 ឡើង ឲ្យមានភាពទាក់ទាញ ទាំងសោភណ្ឌភាពស្រស់ស្អាត និងរចនាបទបែបខ្មែរ ដែលមានភាពទំនើបទាន់សម័យ ។
ពិធីបើកបង្ហាញម៉ូតូអូតូ Suzuki nex 2026 បានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល នៅលើមហាវិថីព្រះមុនីវង្ស កាច់ជ្រុងស្តុបពេទ្យចិន ក្នុងរាជធានីភ្នំពេញ ។
លោក ឧកញ្ញ៉ា ស៊ីវ ថៃ នៅក្នុងពិធីបើកបង្ហាញម៉ូតូម៉ូឌែលថ្មីនោះ បានបញ្ជាក់ថា nex សេរី ២០២៦នេះ ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុត ដោយផ្តោតសំខាន់លើកំលាំងម៉ាស៊ីនខ្លាំង, ល្បឿនស្ទុះខ្លាំង, ស៊ីសាំងតិច, ងាយស្រួលបញ្ឆេះ និងមានរាងសង្ហារតូចច្រឡឹង ។ មានបំពាក់ប្រព័ន្ធកុំព្យូទ័រ ECM ដែលមានតួនាទីសំខាន់ណាស់ក្នុងការត្រួតពិនិត្យ និងបញ្ជាទៅគ្រប់ផ្នែកនៃដំណើរការម៉ាស៊ីន ពិសេសគឺត្រួតពិនិត្យ ការ៉ង់ទី ISC និងការប្រើប្រាស់សាំង ជួយឲ្យម៉ាស៊ីនស៊ីសាំងតិច ល្បើនលឿនបំផុត ។
លោក Isao Terada នាយករោងចក្រ Cambodia Suzuki Motor បានថ្លែងការប្តេជ្ញាថា Suzuki នឹងប្រឹងប្រែងពង្រីកទីផ្សារនៅក្នុងប្រទេសកម្ពុជា ដែលនាំយកផលិតផលដែលមានគុណភាពដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ។ ដោយសារ Suzuki មានរោងចក្រផលិតនៅកម្ពុជាស្រាប់ ដូច្នេះក្រុមហ៊ុននឹងប្រឹងប្រែងផលិតឲ្យបានល្អបំផុត និងមានគុណដើម្បីបំពេញសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ។
លោកបានបញ្ជាក់ទៀតថា ម៉ូតូ Suzuki Nex 2026 ថ្មីនេះ បានបំពាក់ឧបករណ៍ផ្តាច់សាំងដោយស្វ័យប្រវត្តិ(Fuel Cut Sensor)សុវត្ថិភាពខ្ពស់ពេលមានគ្រោះថ្នាក់ ការពារពីការហូរប្រេង បច្ចេកវិទ្យានេះ មានបំពាក់សំរាប់តែម៉ូតូ Suzuki តែប៉ុណ្ណោះ ។ អ្វីដែលសំខាន់ថែមទៀតនោះ គឺម៉ាស៊ីនម៉ូតូ ស៊ីសាំងតិច ដែលរួមចំណែកកាត់បន្ថយការចំណាយ និងបានសម្រួលដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ។
Susuki nex 2026 បានបន្ថែមភាពទាក់ទាញដ៏គួរឲ្យចាប់អារម្មណ៍មានដូចជា ស្លាកក រចនាថ្មីប្រភេទ 3D អបដោយក្បាច់រចនាទាក់ទាញថ្លៃថ្នូរ, ស្ទីកគ័រ នៅក្បាលម៉ូតូរំលេចដោយអក្សរ«ខ» តំណាងឲ្យពាក្យថាខ្មែរ, ស្ទីកគ័រក្បាំងសង្ខាង រំលេចដោយរូបភាពប្រាសាទខ្មែរ បង្ហាញពីមោទនភាពជាតិខ្មែរ, Logo nex ប្រភេទ 3D ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជារចនាបទបែបខ្មែរ, តែមរចនាម៉ូតថ្មីស្រស់ស្អាត ទាក់អារម្មណ៍ អមដោយអក្សរ«ខ» ពេញបេះដូងប្រជាពលរដ្ឋខ្មែរ, ចង្កៀងមុខប្រភេទ LED ជះពន្លឺបានច្បាស់ល្អ បើកបរពេលយប់, អំពូលស្តុបក្រោយប្រភេទ LED ពន្លឺស្រទន់មិនចាំងភ្នែកអ្នកបើកបរពីក្រោយ, កុងទ័ររចនាម៉ូតច្បាស់ល្អ ងាយស្រួលមើលទន្នន័យ, ខ្នងកង់ត្រូវបានលំអរដោយស្ទីកខ័រថ្មី ពណ៌ស្រស់ស្អាតសក្តិសមនឹងពណ៌ម៉ូតូ, បំពាក់ USB នៅក្រោយបែបសុវត្ថិភាពពេលបើកបរ អាចសាកទូរស័ព្ទបានងាយស្រួល, ជន្ទល់ Interlock វាយជន្ទល់រលត់ ។
Susuki nex ស៊េរីថ្មី ២០២៦ មាន ៥ពណ៌សំរាប់ជ្រើសរើស រួមមាន៖ ពណ៌ស, ពណ៌ ខៀវ, ពណ៌ ក្រហម, ពណ៌ ស-លឿង, បន្ថែមនូវពណ៌ថ្មី១ទៀត គឺពណ៌ ស-បៃតង ទាក់ភ្នែកប្លែកអារម្មណ៍អតិថិជន ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ


















