លោក ពូទីន បន្ទោសលោកខាងលិចជាអ្នកបង្កាត់ភ្លើងសង្គ្រាមអ៊ុយក្រែន

ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានប្រាប់មូលហេតុធំៗចំនួនពីរ នៅចំពោះមុខសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ដោយបន្ទោសលោកខាងលិចជាអ្នកដុតបញ្ឆេះភ្លើងសង្គ្រាមអ៊ុយក្រែនរយៈពេលជាងបីឆ្នាំ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និង បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅភាគខាងកើតអ៊ុយក្រែន។

លោកប្រធានាធិបតី ពូទីន បានថ្លែងការពារការសម្រេចចិត្តលុកលុយប្រឆាំងនឹងអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងធានជីន ប្រទេសចិនថា ហេតុផលដំបូង គឺសង្គ្រាមនេះមិនមែនបង្កឡើងដោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែនទេ ប៉ុន្តែជាលទ្ធផលនៃរដ្ឋប្រហារនៅអ៊ុយក្រែន ដែលមានការគាំទ្រ និងបង្កហេតុពីសំណាក់ប្រទេសលោកខាងលិច។

បុរសខ្លាំងរុស្ស៊ីមានវ័យ ៧៣ឆ្នាំរូបនេះ បានបន្ថែមទៀតថា ហេតុផលទីពីរ គឺសង្គ្រាមនេះកើតឡើងពីការព្យាយាមឥតឈប់ឈររបស់ប្រទេសលោកខាងលិច ក្នុងការអូសទាញអ៊ុយក្រែនឱ្យចូលជាសមាជិករបស់អង្គការណាតូ។

ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែនធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ក៏សំណើសន្តិភាពនេះនៅតែជាប់គាំង ហើយភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាទ្រង់ទ្រាយធំដដែល។

ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគំរាមវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដើម្បីសងសឹករុស្ស៊ីដែលបញ្ជូនយន្តហោះដ្រូនវាយលុកកាត់ផ្តាច់ថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ប្រជាជនអ៊ុយក្រែនប្រហែល ៦០.០០០នាក់៕

ប្រភព ៖ AFP និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner