នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកសន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម
(ចិន)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងចំពោះមុខមេដឹកនាំធំៗដោយចាត់ទុកសន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ បូក Shanghai Cooperation Organization (SCO) Plus Summit នៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមាន ឯកឧត្តម ស៊ី ជិនពីង ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ ជាម្ចាស់ផ្ទះ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាល តំណាងនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនា ក្រោមមូលបទ ការអនុវត្តពហុភាគីនិយមកើតធានាសន្តិសុខតំបន់និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូកម្ពុជា និងសម្រាប់ការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ។ សម្ដេចធិបតី សូមវាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ស្មារតីសៀងហៃ និងការត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍថ្មីរបស់ SCO ។

សម្ដេចធិបតី បានលើកឡើងថា ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបញ្ជាក់បន្ថែមពីតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការជំរុញសកម្មភាពនៃការដោះស្រាយបញ្ហាប្រឈមជាសកល។ ក្នុងន័យនេះ កម្ពុជា សូមស្វាគមន៍ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សាកលមួយដែលមានអង្គការសហប្រជាជាតិជាស្នូល ប្រកបដោយយុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំ និងលទ្ធផលជាក់ស្ដែង ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ។ កម្ពុជា សម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះដោយមានស្មារតីសៀងហៃ ជាមគ្គទេសក៍ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្ដល់តម្លៃខ្ពស់ដល់ភាពចម្រុះ ។ ក្នុងស្មារតីនេះ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជា បានផ្ដល់សារៈសំខាន់ដល់ការជំរុញ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក SCO រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនា នៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
នាកិច្ចប្រជុំក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអនុញ្ញាតចែករំលែកនូវការយល់ឃើញអំពីមធ្យោបាយក្នុងការជំរុញ នូវគោលការណ៍ និងសេចក្ដីប្រាថ្នារួមរបស់យើងបន្ថែមទៀត ៖
ទី១-ការអនុវត្តពហុភាគីនិយម ទាមទារនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្នភាព ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ គឺជាការអំពាវនាវដ៏ម៉ឺងម៉ាត់ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ។ ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវជ្រើសយកកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, ការអត់ធ្មត់ ជាជាងការបង្កើនកម្ដៅ, កិច្ចសហប្រតិបត្តិការ ជាជាងជម្លោះ និងវិបុលភាពរួម ជាជាងការកេងចំណេញជាឯកតោភាគី ។
ទី២-ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត ។ សន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ។ សម្រាប់កម្ពុជា ក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សន្តិភាព សម្ដេចមើលឃើញពីសហថាមពលដ៏អស្ចារ្យរវាង SCO និងអាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាព តាមរយៈការទូត កុងសង់ស៊ីស និងកិច្ចសន្ទនា ។
ទី៣-ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងស្ថិរភាពរយៈពេលវែង ។ កម្ពុជា គាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើវិស័យគន្លឹះៗរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍបន្ថែមទៀតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ។
ការសង្កត់ធ្ងន់របស់ SCO លើស្មារតីសៀងហៃ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបង្កើតភាពជាដៃគូ ដែលគោរពទៅតាមគន្លងនៃការអភិវឌ្ឍដែលមានវិសាលភាពរបស់ប្រទេសនីមួយៗ ព្រមទាំងលើកស្ទួយនូវចក្ខុវិស័យរបស់យើងសម្រាប់វឌ្ឍនភាព និងវិបុលភាពរួម ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងការបង្កើតអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា ៕
ដោយ ៖ វណ្ណលុក
