ប្រធានរដ្ឋសភាវៀតណាម មើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ
(ហាណូយ)៖ ប្រធានរដ្ឋសភាវៀតណាម មើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន ។ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរ ទិវាឯករាជ្យជាតិវៀតណាម ។

ឯកឧត្តម បានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាម ចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏ជាកត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។

សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរ បានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ។
សម្ដេចតេជោ ក៏បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។
សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ផងដែរ ។ សម្ដេច បានបង្ហាញនូវការពេញចិត្ត និងកោតសរសើរផងដែរ ចំពោះភាពរីកចម្រើនរបស់ប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ។
ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានអរគុណចំពោះសម្ដេចតេជោ ដែលបានមានប្រសាសន៍លើកឡើងត្រង់ទៅ ត្រង់មក។ ឯកឧត្តម ក៏បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយឯកឧត្តម បានកត់សម្គាល់ឃើញថា កាលពីឆ្នាំ២០២៤ ឯកឧត្តម បានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេស រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមក កម្ពុជា បានឆ្លងកាត់ និងការលំបាកជាបន្តបន្ទាប់ តែពេលនេះ កម្ពុជា បានផ្លាស់ប្ដូរ ជាពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ ៖ វណ្ណលុក
