មេដឹកនាំអ៊ីរ៉ង់ជួបលោកពូទីននៅចិន
បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត បានជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមគេហទំព័រ របស់វិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានផ្តើមការសន្ទនា ជាមួយនឹងការជូនពរ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei។ លោកបានបញ្ជាក់ ជាពិសេស អំពីលក្ខណៈមិត្តភាពនៃទំនាក់ទំនង ប្រទេសទាំងពីរ និង លក្ខណៈពិសេសពិតប្រាកដ នៃ ទំនាក់ទំនងពហុភាគី រវាងរុស្ស៊ី និងអ៊ីរ៉ង់។ ពាណិជ្ជកម្មទៅវិញទៅមក រវាងប្រទេសទាំងពីរ កំពុងកើនឡើង ជាលំដាប់។ នៅចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ១៣ភាគរយ ហើយ នៅក្នុងឆមាសទីមួយ នៃ ឆ្នាំនេះ កើនឡើង ១១.៤ ភាគរយ បន្ថែមទៀត។
លោកអះអាងថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ មនុស្សធម៌ និងវប្បធម៌។ និស្សិតអ៊ីរ៉ង់ កាន់តែច្រើនកំពុង ជ្រើសរើសសាកលវិទ្យាល័យរុស្ស៊ី ដោយក្នុងនោះ នៅរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ចំនួននិស្សិត បានកើនឡើង បីដង ពោលគឺ ឈានដល់ ៩,១១០នាក់។ ការផ្លាស់ប្តូរវិស័យទេសចរណ៍ ក៏មានភាពល្អប្រសើរផងដែរ ដោយក្នុងនោះ មានការកើនឡើង ១៣ភាគរយ ក្នុងឆ្នាំ២០២៤ ហើយ ក៏ត្រូវរក្សាទំនាក់ទំនង ជាប់ជានិច្ច លើបញ្ហាអន្តរជាតិសំខាន់ៗ រួមទាំង បញ្ហា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរ វាងប្រទេសអ៊ីរ៉ង់ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ផ្តល់នូវការជំរុញខ្លាំង បន្ថែមទៀត ដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ទំនាក់ទំនងមនុស្សធម៌ រវាងរុស្ស៊ី និងអ៊ីរ៉ង់ ក៏កំពុងអភិវឌ្ឍន៍ យ៉ាងស្វាហាប់ ផងដែរ។
«ជាការពិតណាស់ កិច្ចសហប្រតិបត្តិការរបស់យើង កំពុងរីកចម្រើន លើគ្រប់វិស័យ ដូចដែលអ្នកបានលើកឡើង ប៉ុន្តែ យើងយល់ស្របថា វានៅតែត្រូវការសន្ទុះ បន្ថែមទៀត» នេះជាការបញ្ជាក់បន្ថែម របស់លោក Masoud Pezeshkian ប្រាប់ទៅកាន់ លោក ពូទីន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត