កិច្ចប្រជុំប្រាក់ឈ្នួលតំណាងភាគីកម្មករនិយោជិតស្នើតំឡើង ១០ដុល្លារ ខណៈភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារ
(ភ្នំពេញ)៖ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានពិភាក្សាកំណត់ប្រាក់ឈ្នួលតំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនចំនួន ១០ដុល្លារអាមេរិក លើតួលេខ បច្ចុប្បន្ន ២០៨ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាមេរិក។
នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ហេង សួរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ ។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចប្រជុំត្រីភាគីនៅថ្ងៃនេះ ជាលទ្ធផលជាជំហរភាគីនិយោជក ស្នើសំឱ្យរក្សានៅដដែល នៃប្រាក់ឈ្នួលអប្បរមា ២០៨ដុល្លារ ខណៈភាគីកម្មករ និយោជិត ស្នើសុំតំឡើងចំនួន ១០ដុល្លារ គឺស្នើឡើងឱ្យដល់ ២១៨ ដុល្លារសម្រាប់ឆ្នាំ២០២៦ លើតួរលេខ ២០៨ដុល្លារ ។ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បញ្ជាក់បន្ថែមថា ទោះបីយ៉ាងណា នេះគឺជាជំហរបឋម របស់ភាគីនីមួយៗ ហើយដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្សបរមា ក្រសួងការងារ នឹងបន្តសម្របសម្រួលជាមួយភាគពាក់ព័ន្ធបន្ថែមទៀត ដើម្បីយើងអាចខិតទៅរក ការឯកភាពរួមគ្នា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំ ត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៣លើក។ ភាគីពាក់ព័ន្ធបានបន្តលើកហេតុផល និងបង្ហាញ នូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីជាបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នា ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ៕






អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា