ប្រជានេសាទចាប់បានត្រីរាជ ជាត្រីដ៏កម្រ ទម្ងន់ជាង ១០០គីឡូក្រាម និមន្តព្រះសង្ឃ មកសូត្រជយន្តោ លែងត្រីចូលដែនអភិរក្សក្នុងបឹងទន្លេសាបវិញ
(កំពង់ឆ្នាំង)៖ ក្រោយពីចាប់បានត្រីរាជ ១ក្បាលមានទម្ងន់ប្រមាណជាង១០០ គីឡូក្រាម ប្រជានេសាទដែលរស់នៅខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃ មក
ជយន្តោ លែងចូលដែនអភិរក្ស ក្នុង បឹងទន្លេសាប នៅចំណុចព្រុំទល់ ខេត្តកំពង់ឆ្នាំង កំពង់ធំវិញ។ ការនិមន្តនិងអញ្ជើញលែងត្រីរាជ ១ក្បាល មានទំហំធំនេះ បានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ព្រឹក ថ្ងៃ២ ខែកញ្ញាឆ្នាំ២០២៥ ។

ព្រះភិក្ខុ បញ្ញាបញ្ជោតោ. ធី បញ្ញា ព្រះចៅអធិការ វត្តសុវណ្ណជលសា (ហៅកំពង់ ចម្លង) ស្ថិតនៅក្នុងភូមិ តួនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបាននិមន្តទៅលែងត្រីរាជ ខាងលើ មានថេរៈដិការថា នៅវេលាម៉ោងប៉ុន្មាន ១១ ព្រឹកថ្ងៃទី ២ ខែកញ្ញា ប្រជានេសាទ ឈ្មោះធី ដែលមានទីលំនៅក្បែរវត្ត បានទៅលើកលប ហើយក៏បានប្រទះឃើញ ត្រីរាជ ១ក្បាល យ៉ាងធំ មានទម្ងន់ប្រមាណជាង ១០០ គីឡូ ជាប់នៅក្នុងលប របស់គាត់ ។ ក្រោយមកប្រជា នេសាទឈ្មោះធីនោះ ក៏បាននាំបងប្អូនប្រជាពលរដ្ឋ និងនិមន្តព្រះអង្គ ទៅធ្វើពិធីជ័យយ័ន្តោលែង ត្រីរាជ ១ក្បាល នោះចូលដែនអភិរក្ស នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំវិញ ដោយសារបងប្អូនប្រជានេសាទ ធ្លាប់ទទួលបានការណែនាំពីមន្ត្រីជំនាញ លុះពេល ឃើញពូជត្រី ដ៏កម្រ និងជាប្រភេទធំស្ទើរផុតពូជ បែបនេះ នាំគ្នាយកត្រីដ៏ធំនេះលែងចូលបឹងទន្លេសាបវិញ។

លោក លីឡា នៃ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ នៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ មានដែនអភិរក្សមួយកន្លែង ជាអតីតឡូនេសាទលេខ១០ ។ ប៉ុន្តែឡូនេសាទនោះស្ថិតក្នុងដែនដីខេត្តកំពង់ឆ្នាំងគ្រាន់តែជាប់ព្រំប្រទល់ខេត្តកំពង់ធំប៉ុណ្ណោះ។

លោកបានបន្តថា ត្រីរាជ គឺជាប្រភេទត្រីងាយរងគ្រោះ ដែលជិតផុតពូជ ។ ការចាប់
បានត្រីរាជ្យយ៉ាងធំ ហើយបានលែងចូលបឹងទន្លេសាបវិញ គឺជាស្មារតីទទួលខុសត្រូវ និងស្រឡាញ់បរិស្ថានធម្មជាតិ ។ក្នុងនាមលោកជាមន្ត្រីផល ក៏សូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ និង ប្រជានេសាទ ដែលបាននិមន្តនិងអញ្ជើញលែងត្រីដ៏កម្រនៅក្នុង ដែន អភិរក្ស បឹងទន្លេសាបវិញ។
ប្រការដែលគួរឲ្យស្ដាយគឺប្រជានេសាទពុំបានសហការជាមួយនឹងមន្ត្រីជំនាញ ដូចសព្វដង ព្រោះ នៅពេលដែលបានសហការជាមួយមន្ត្រីជំនាញ គេនឹងប្រើបច្ចេកទេស វាស់វែង ថ្លឹងទម្ងន់ មុនលែងត្រី បន្ទាប់មក ក៍មានរង្វាន់លើកទឹកចិត្តដល់ប្រជានេសាទនោះផងដែរ៕
សុខ គឹមសៀន
