លោក ត្រាំ បដិសេធពាក្យចរចាមអារ៉ាមថា លោកធ្លាក់ខ្លួនឈឺ

វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២ ខែកញ្ញា នេះ បានប្រកាសបដិសេធ ពាក្យចរចាមអារ៉ាម ដែលថា រូបលោកបានធ្លាក់ខ្លួនឈឺ។

ដំណឹងមិនពិតទាំងនេះ ត្រូវបានបង្ហោះ តាមបណ្តាញសង្គមបន្ទាប់ពី មេដឹកនាំ វ័យ៧៩ឆ្នាំ រូបនេះ មិនបានបង្ហាញខ្លួន ជាសាធារណៈ ឬ ធ្វើសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន ដែលជារឿង គួរឱ្យកត់សម្គាល់មួយ សម្រាប់លោកប្រធានាធីបតី។

មួយវិញទៀត កត្តាអាយុ, រូបភាពថ្មីៗរបស់លោក ដែលមានស្នាមជាំ នៅលើដៃ និងហើមកជើង រួមទាំង ភាពស្ងប់ស្ងាត់ ពីការិយាល័យ Oval Office នាំឱ្យ ពាក្យចរចាមអារ៉ាម អំពីសុខភាពរបស់លោក បានផ្ទុះឡើង។
មានគណនីបណ្តាញសង្គម ជាច្រើន បានរៀបរាប់ ចំៗថា ប្រធានាធិបតីទី ៤៥ និង ទី៤៧ របស់សហរដ្ឋអាមេរិក ប្រហែលបានបាត់បង់ជីវិត តែ សេតវិមាន មិនបានចេញមកបកស្រាយភ្លាមៗ នោះទេ។

យ៉ាងណា លោក ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែត នៅការិយាល័យ Oval Office ថា នេះគឺជា «ព័ត៌មានក្លែងក្លាយ» ហើយអះអាងថា លោកបានសកម្មការងារធម្មតា កាលពីចុងសប្តាហ៍។ ជុំវិញរឿងមិនបង្ហាញខ្លួន លោកអះអាងថា រវល់ក្នុងថ្ងៃទិវាពលកម្ម, ផ្តល់បទសម្ភាសន៍ តាមប្រព័ន្ធផ្សព្វផ្សាយ និង ទៅលេងទីលានវាយកូនហ្គោល នៅរដ្ឋ Virginia ទើបមិនបានបង្ហាញខ្លួន។

គួរបញ្ជាក់ថា លោក Trump បានទទួលការពិនិត្យសុខភាព កាលពីថ្ងៃទី ១១ ខែមេសា ហើយ លទ្ធផលផ្លូវការ រកឃើញថា លោកមានចង្វាក់បេះដូងធម្មតា ហើយមិនមានបញ្ហាសុខភាពអ្វី ធំដុំនោះទេ។ ជុំវិញ ស្នាមជាំ វិញ វេជ្ជបណ្ឌិត បាននិយាយថា គ្រាន់តែជាការរលាក ជាលិកាទន់ តូចៗ ដោយសារតែការចាប់ដៃញឹកញាប់ និង ការប្រើប្រាស់ថ្នាំ អាស្ពីរីន ការពារសរសៃឈាមបេះដូង។

ចាប់តាំងពីពេលនោះមក សេតវិមាន បានបដិសេធ ពីការព្រួយបារម្ភអំពីសុខភាព របស់លោក Trump តែ មិនបានរៀបរាប់លម្អិត អំពីរបៀបនៃការព្យាបាល បញ្ហាជើង និងដៃ របស់លោក នោះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner